នាពេលបច្ចុប្បន្ននេះ ខេត្តស្ទឹងត្រែង បានទាក់ទាញគម្រោងវិនិយោគផ្នែកឯកជនដោយមានក្រុមហ៊ុនទទួលបានគោលការណ៍ ៩គម្រោង ដោយផ្តោតសំខាន់លើវិស័យចំនួន៤ ។ របាយការណ៍នេះ ត្រូវបានបង្ហាញឡើងនៅក្នុងពិធីសំណេះសំណាលរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្ទឹងត្រែង ដែលជាខេត្តភាគឦសានប្រទេសកម្ពុជា នៅទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ។

នៅក្នុងពិធីនេះ បានឱ្យដឹងថា ខេត្តស្ទឹងមានទន្លេបួនហូរកាត់ ហើយទន្លេមេគង្គកាត់ ចំកណ្តាលខេត្ត ពីជើងទៅត្បូងចាប់ពីព្រំប្រទល់ប្រទេសឡាវដល់ខេត្តក្រចេះ ជាប្រភពនៃធនធានមច្ឆជាតិ និងប្រព័ន្ធជីវៈចម្រុះ។ខេត្តស្ទឹងត្រែង មានផ្ទៃដី១២.០១៦គីឡូម៉ែត្រការ៉េ ផ្ទៃដីព្រៃឈើជាង ៦០ភាគរយ ចែកជា៦ក្រុងស្រុក ៣៤ឃុំសង្កាត់ និង១៣៧ភូមិ មានប្រជាជនសរុប ១៩១.០៧១នាក់ ស្មើនឹង៤៦.០៨៣គ្រួសារ ប្រជាជនមានអាយុ១៨ឆ្នាំឡើង ១១៨.៦៤២នាក់ មានអត្រាកំណើនប្រចាំឆ្នាំ៥ភាគរយ ដង់ស៊ីតេប្រជាជន១៦នាក់ ក្នុង១គីឡូម៉ែត្រការ៉េ។
ប្រជាជនក្នុងខេត្តស្ទឹងត្រែង មានមុខរបរកសិកម្ម ជាង៧៦ភាគរយ ពាណិជ្ជកម្ម៥ភាគរយ សិប្បកម្ម៤ភាគរយ ចិញ្ចឹមសត្វ៣ភាគរយ និងនេសាទ១ភាគរយ។ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ ប្រមាណជា ៣៦៩លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ ផ.ស.ស. សម្រាប់ប្រជាជនម្នាក់ៗ ១.៧៩០ដុល្លារ អត្រាភាពក្រីក្រស្ថិតក្នុងរង្វង់១៨%។

ចំពោះការវិនិយោគវិញ ខេត្តស្ទឹងត្រែង បានលើកកម្ពស់ការទាក់ទាញគម្រោងវិនិយោគផ្នែកឯកជនក្នុងក្របខ័ណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តភូមិភាគឦសាន បច្ចុប្បន្នក្រុមហ៊ុនទទួលបានគោលការណ៍ ៩គម្រោង ក្នុងវិស័យកសិឧស្សាកម្ម ឧស្សាហកម្ម ទេសចរណ៍ កសិដ្ឋានចិញ្ចឹមសត្វ មានទុនវិនិយោគជាង ២០លានដុល្លារ និងបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនវៀតណាម ២គម្រោង មានទុនវិនិយោគជិត ៩០លានដុល្លារ។ ខេត្តនេះ ក៏បានចុះបញ្ជីគម្រោងវិនិយោគ មានទុនវិនិយោគជាង៤លានដុល្លារ ចំនួន ១គម្រោង និងត្រៀមចុះបញ្ជីចំនួន ៥គម្រោងវិនិយោគទៀតផងដែរ។
សូមជម្រាបដែរថា ខេត្តនេះ គឺមានផ្លូវជាតិឆ្លងកាត់៣ខ្សែ គឺផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ៧៨ និងមានផ្លូវ តាមបណ្ដោយព្រំដែនប្រមាណ ១៣៧គីឡូម៉ែត្រ ស្ពានឆ្លងកាត់ទន្លេ មានស្ពានសេកុងប្រវែង ១.០៥៧ម៉ែត្រ ស្ពានមេគង្គប្រវែង ១.៧៣១ម៉ែត្រ ស្ពានទន្លេកុងសែនជ័យប្រវែង២៦០ម៉ែត្រ និងស្ពានកោះទន្សាយសែនជ័យ ប្រវែង២៤០ម៉ែត្រ៕អត្ថបទ៖ហ្សាលីន

