ក្រុមហ៊ុនមួយមានបំណងនាំស្វាយពីកម្ពុជាយ៉ាងហោចឲ្យបាន ១ម៉ឺនតោនក្នុងមួយឆ្នាំទៅកាន់ទីផ្សារកូរ៉េ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន GADOSH មានបំណងនាំចូលស្វាយពីកម្ពុជាយ៉ាងហោចណាស់១ម៉ឺនតោនក្នុងមួយឆ្នាំ ដើម្បីចាក់បំពេញ​តម្រូវ​ការទីផ្សារកូរ៉េ។ នេះបើតាមលោកស្រី Yu LIN ប្រធានក្រុមហ៊ុន GADOSH ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួង នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបពិភាក្សាលើការនាំចូលស្វាយពីកម្ពុជា ព្រមទាំងស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្មរវាងប្រទេសកូរ៉េនិង​កម្ពុជា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានត្រៀមខ្លួនជាស្រេចក្នុងការ​គាំទ្រ និងសម្របសម្រួលដល់ធុរជនដែលមកវិនិយោគនៅកម្ពុជា ជាពិសេស ក្រសួងនឹងផ្តល់អនុសាសន៍ណែនាំឱ្យ​ក្រុម​ហ៊ុន​​សហការ​ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញបែបបទតាមនីតិវិធី។

បន្ថែមពីនេះ លោករដ្ឋមន្រ្តី ក៏បានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មសក្តានុពលផ្សេងៗ​ទៀតពី​កម្ពុជា ដូចជាមៀន និងចេក ជាដើម បន្ថែមពីលើស្វាយ ព្រមទាំងលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េមកបង្កើតរោងចក្រកែ​ឆ្នៃ​​កសិផល ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិនានាផងដែរ។

ជាការឆ្លើយតប លោក Gyuhwa JANG អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​លោករដ្ឋមន្រ្តី ដែលបានស្វាគមន៍ និងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសមាគមអ្នកនាំចូលកូរ៉េ។ លោកបានបន្តថា សមាគមអ្នកនាំចូលកូរ៉េមានសមាជិកប្រមាណ ១៥,០០០ ក្រុមហ៊ុន និងកំពុងវិនិយោគលើគ្រប់វិស័យ។

គួរបញ្ចាក់ថា រយៈពេល៣ខែដើមឆ្នាំ២០២២ ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាទៅកាន់ប្រទេសកូរ៉េមានចំនួន ១៤២,​​៥៥តោន ខណៈដែលការនាំចេញទៅប្រទេស វៀត​ណាម​ចំនួន ៤០ ៨៤៩,៧២តោន ប្រទេសចិនចំនួន២២ ២៤៤,៦៨តោន ប្រទេសថៃចំនួន ១៨ ១៨១,១២តោន ។

ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាក្នុងរយៈពេល៣ខែដើមឆ្នាំនេះសរុបមានចំនួន ៨១ ៤១៨​,០៧តោន ថយចុះចំនួន ២០,៧៣ភាគរយ ។ ​ការថយចុះនេះត្រូវបានរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពន្យល់ថាដោយ​សារ​ហេតុ​ផល២យ៉ាង។ ក្នុងនោះទី១ ​ ដោយសារ​ជួបឧបសគ្គ ការដឹកជញ្ជូនផលិតផលកសិកម្ម ឆ្លងដែនរវាងប្រទេសវៀតណាម និងចិន ដោយសារការរីករាលដាលជាសកលនៃជម្អឺកូវិដ ១៩ មានការត្រួតពិនិត្​យតឹងតែង និងទី២ ការប្រកួតប្រជែងតម្លៃ នៅ​លើទីផ្សារប្រទេសចិន ដោយវិស័យឯកជនពិនិត្យឃើញថា​មិនទទួលបានប្រាក់ចំណេញ ទាក់ទងទៅនឹងតម្លៃនៃ​ការធ្វើ​ប្រព្រឹត្តកម្ម វេចខ្ចប់ និងដឹកជញ្ជូន នៅកម្ពុជាមានតម្លៃខ្ពស់ រួមជាមួយនឹងតម្លៃដឹកជញ្ជូនចេញពីកម្ពុជា ទៅកាន់កំពុងផែនៃ​ប្រទេសចិន ៕