ប្រទេសចិន កាលពីថ្ងៃទី៨ ខែកក្កដា បានប្រកាសថាខ្លួននឹងលុបចោលការរឹតបន្តឹងលើការនាំចេញប្រេងឥន្ធនៈរបស់ខ្លួនជាបណ្តោះអាសន្ន នៅក្នុងខែកក្កដានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញវិធានការចុងក្រោយនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នកាលពីខែមុន ដែលធ្វើឲ្យលំហូរនៃការដឹកជញ្ជូនប្រេងជាពិសេសតាមច្រកសមុទ្រ Hormuz មានភាពធូរស្រាលឡើងវិញ។ ប្រទេសចិន ត្រូវបានចាត់ទុកថាជាប្រទេសនាំចេញប្រេងឥន្ធនៈធំជាងគេបំផុតមួយ នៅអាស៊ីផងដែរ។
កាលពីខែមីនា ប្រទេសនេះ បានណែនាំដល់រោងចក្រចម្រាញ់ប្រេងឱ្យបញ្ឈប់កិច្ចសន្យានាំចេញប្រេងឥន្ធនៈថ្មីៗ និងបានស្វែងរកការចរចាលុបចោលការដឹកជញ្ជូនដែលបានសន្យាពីមុន ដើម្បីធានាដល់ការផ្គត់ផ្គង់នៅក្នុងស្រុក។
ដូច្នេះ ការវិវឌ្ឍនាពេលបច្ចុប្បន្ននេះ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យតម្លៃប្រេងឥន្ធនៈថយចុះវិញ ខណៈពេលដែលប្រទេសផលិតប្រេងដ៏បំផុតមួយរបស់ពិភពលោកកំពុងវិលមករកភាពប្រក្រតីវិញបន្តិចម្តងៗ បន្ទាប់ពីមានការរំខានមួយរយៈដោយសារជម្លោះនៅមជ្ឈិមបូព៌ា។ មិនតែប៉ុណ្ណោះ ប្រទេសចិន បានអនុញ្ញាតឱ្យរោងចក្រចម្រាញ់ប្រេងឥន្ធនៈ Zhejiang ដែលគ្រប់គ្រងដោយក្រុមហ៊ុនឯកជន បន្តការនាំចេញប្រេងរបស់ខ្លួនឡើងវិញ បន្ទាប់ពីផ្អាកអស់ជាងបីខែ។
គួរជម្រាបជូនផងដែរថា អំឡុងពេលមានវិបត្តិដោយសារសង្គ្រាម ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ មានតែសហគ្រាសរដ្ឋប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យនាំចេញប្រេងសាំង ប្រេងម៉ាស៊ូត និងប្រេងយន្តហោះ។ តែទោះជាយ៉ាងណាក៏ដោយ ពួកគេត្រូវតែដាក់ពាក្យសុំការអនុម័តបរិមាណនាំចេញជារៀងរាល់ខែ៕

