ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា សង្គ្រាមមជ្ឈិមបូព៌ាអាចនឹងរលត់ ក្រោយអាមេរិក-អ៊ីរ៉ង បង្ហាញសញ្ញានៃការចរចា

អន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយធំៗរបស់សហរដ្ឋអាមេរិក បានរាយការណ៍ឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន កំពុងឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយអ៊ិរ៉ង់ហើយ តាមរយៈអនុស្សរណៈមួយដែលមានគោលបំណងក្នុងការបញ្ចប់ជម្លោះ និងបង្កើតក្របខ័ណ្ឌសម្រាប់ការចរចានុយក្លេអ៊ែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសារព័ត៌មាន Axios ចុះផ្សាយកាលពីថ្ងៃទី៥ ខែឧសភា ដោយដកស្រង់ចេញពីសម្តីមន្ត្រីអាមេរិកម្នាក់ថា សេតវិមាន កំពុងជិតដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ១៤ ចំណុច ដែលព្រាងដោយអ្នកតំណាងមជ្ឈិមបូព៌ា លោក Steve Witkoff និងកូនប្រសាររបស់លោក ដូណាល់ ត្រាំ គឺលោក Jared Kushner ដោយសហការជាមួយមន្ត្រីអ៊ីរ៉ង់ជាច្រើនរូប។

អនុស្សរណៈនៃការយោគយល់គ្នានេះ បានស្នើឱ្យភាគីទាំងពីរប្រកាសបញ្ចប់សង្គ្រាម និងចាប់ផ្តើមការចរចារយៈពេល ៣០ថ្ងៃ ដោយមានគោលបំណងសម្រាប់កិច្ចព្រមព្រៀងថ្មីមួយ ដើម្បីបើកច្រកសមុទ្រ Hormuz កំណត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។

យ៉ាងណាមិញ បើតាមប្រភពច្បាស់ការចំនួនពីរ បាននិយាយថា អ៊ីរ៉ង់នឹងយល់ព្រមកម្ចាត់ឃ្លាំងស្តុកសារធាតុអ៊ុយរ៉ាញ៉ូមដែលមានកម្រិតខ្ពស់របស់ខ្លួន ហើយអ្នកចរចាបានស្នើឱ្យផ្ទេរសម្ភារៈនេះទៅរក្សាទុកសហរដ្ឋអាមេរិកជំនួសវិញ។

មិនតែប៉ុណ្ណោះ ក្នុងអំឡុងពេលចរចា ៣០ថ្ងៃនោះ ការរឹតបន្តឹងរបស់អ៊ីរ៉ង់លើការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz និងការបិទផ្លូវកំពង់ផែអ៊ីរ៉ង់របស់សហរដ្ឋអាមេរិក ក៏នឹងត្រូវបានលើកបន្តិចម្តងៗ ផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការចរចាបរាជ័យ ឬភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយទេនោះ សហរដ្ឋអាមេរិក អាចស្ដារការបិទផ្លូវកំពង់ផែ ឬចាប់ផ្តើមសង្គ្រាមឡើងវិញ។

យ៉ាងណាក៏ដោយ យោតាម Axios បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ នៅមិនទាន់មានកិច្ចព្រមព្រៀងជាផ្លូវកាណាមួយរនៅឡើយទេ ប៉ុន្តែប្រភពបង្ហាញថា ដំណើរការបច្ចុប្បន្នគឺជាចំណុចដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ខិតជិតបំផុតទៅនឹងការសម្រេចបាននៃកិច្ចព្រមព្រៀងមួយ គិតចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈមក៕​