ហុងកុង ថយចំណាត់ថ្នាក់មកលេខ៤ ជាទីក្រុងរស់នៅថ្លៃបំផុតលើលោក សម្រាប់អ្នកមានៗ

អន្តរជាតិ

យោងតាមធនាគារឯកជនស្វីស Julius Baer បានរាយការណ៍ថា ហុងកុងបានធ្លាក់ចុះមកចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមទីក្រុងរស់នៅថ្លៃបំផុតរបស់ពិភពលោក សម្រាប់ពលរដ្ឋដែលមានទ្រព្យសម្បត្តិច្រើន ខណៈពេលដែលសិង្ហបុរីរក្សាបានចំណាត់ថ្នាក់កំពូលរបស់ខ្លួន សម្រាប់រយៈពេលបួនឆ្នាំជាប់ៗគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីក្រុងហុងកុងបានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ៣ កាលពីឆ្នាំមុនមកកាន់ចំណាត់ថ្នាក់លេខ៤ វិញ ដោយសារតែពាក់កណ្តាលនៃទំនិញ និងសេវាកម្មត្រូវបានកត់ត្រាថាមានតម្លៃថោកជាងមុន។ នេះបើយោងតាមរបាយការណ៍ Global Wealth and Lifestyle របស់ធនាគារ Julius Baer ។

គួរឲ្យដឹងថា របាយការណ៍ Global Wealth and Lifestyle នេះ បានធ្វើការវាយតម្លៃទៅលើតម្លៃនៃការរស់នៅកម្រិតខ្ពស់ នៅក្នុងទីក្រុងធំៗចំនួន២៥ សម្រាប់បុគ្គលដែលមានទ្រព្យសម្បត្តិច្រើន ដែលអាចចំណាយយ៉ាងហោចណាស់ ១លានដុល្លារ។ ចំណាត់ថ្នាក់នេះគឺផ្អែកលើតម្លៃសម្រាប់ទំនិញប្រើប្រាស់ប្រណីតៗ និងសេវាកម្មលំដាប់ខ្ពស់ ដែលត្រូវបានកត់ត្រានៅចន្លោះខែវិច្ឆិកា ដល់ខែមីនាឆ្នាំនេះ។

ហុងកុង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​គោលដៅ​ទិញ​ទំនិញ​ដ៏​មាន​តម្លៃ​ជា​យូរ​មក​ហើយ ប៉ុន្តែ​ក្នុងរយៈពេលប៉ុន្តែខែចុងក្រោយ ការ​លក់​រាយ​ទំនិញ​ប្រណីតរបស់ទីក្រុងនេះ បាន​ស្ថិត​ក្រោម​សម្ពាធ ខណៈ​ពេលដែល​អ្នក​ទេសចរ​ចិន​កំពុង​ងាក​ចេញ​ពី​ម៉ាក​យីហោ​ប្រណីត​បែប​ប្រពៃណី​របស់​អឺរ៉ុប ហើយ​ងាក​មក​ប្រើ​ម៉ាក​យីហោ​ក្នុង​ស្រុកជំនួស​វិញ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទោះបីជា​មាន​ការ​ធ្លាក់​ចុះ​នៃទីផ្សារ​អចលនទ្រព្យ​ថ្មីៗ​នេះ​ក៏​ដោយ ទីក្រុង​ហុងកុង​នៅ​តែ​ជា​ទីផ្សារ​លំនៅឋាន​ថ្លៃ​បំផុត​ទីពីរ​របស់​ពិភពលោក ដោយតាមពីក្រោយតែប្រទេស​ម៉ូណាកូ​។

មិនតែប៉ុណ្ណោះរបាយការណ៍​នេះ​ ក៏​បាន​រក​ឃើញទៀត​ថា ហុងកុង​នៅ​តែ​ជា​ទីក្រុង​ដែល​ថ្លៃ​បំផុត​សម្រាប់​សេវាកម្ម​ផ្នែក​ច្បាប់ និង​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​កន្លែង​ដែល​ថ្លៃ​បំផុត​ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​ពាណិជ្ជកម្ម៕​