យោងតាមធនាគារឯកជនស្វីស Julius Baer បានរាយការណ៍ថា ហុងកុងបានធ្លាក់ចុះមកចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមទីក្រុងរស់នៅថ្លៃបំផុតរបស់ពិភពលោក សម្រាប់ពលរដ្ឋដែលមានទ្រព្យសម្បត្តិច្រើន ខណៈពេលដែលសិង្ហបុរីរក្សាបានចំណាត់ថ្នាក់កំពូលរបស់ខ្លួន សម្រាប់រយៈពេលបួនឆ្នាំជាប់ៗគ្នា។

ទីក្រុងហុងកុងបានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ៣ កាលពីឆ្នាំមុនមកកាន់ចំណាត់ថ្នាក់លេខ៤ វិញ ដោយសារតែពាក់កណ្តាលនៃទំនិញ និងសេវាកម្មត្រូវបានកត់ត្រាថាមានតម្លៃថោកជាងមុន។ នេះបើយោងតាមរបាយការណ៍ Global Wealth and Lifestyle របស់ធនាគារ Julius Baer ។
គួរឲ្យដឹងថា របាយការណ៍ Global Wealth and Lifestyle នេះ បានធ្វើការវាយតម្លៃទៅលើតម្លៃនៃការរស់នៅកម្រិតខ្ពស់ នៅក្នុងទីក្រុងធំៗចំនួន២៥ សម្រាប់បុគ្គលដែលមានទ្រព្យសម្បត្តិច្រើន ដែលអាចចំណាយយ៉ាងហោចណាស់ ១លានដុល្លារ។ ចំណាត់ថ្នាក់នេះគឺផ្អែកលើតម្លៃសម្រាប់ទំនិញប្រើប្រាស់ប្រណីតៗ និងសេវាកម្មលំដាប់ខ្ពស់ ដែលត្រូវបានកត់ត្រានៅចន្លោះខែវិច្ឆិកា ដល់ខែមីនាឆ្នាំនេះ។
ហុងកុងត្រូវបានគេចាត់ទុកជាគោលដៅទិញទំនិញដ៏មានតម្លៃជាយូរមកហើយ ប៉ុន្តែក្នុងរយៈពេលប៉ុន្តែខែចុងក្រោយ ការលក់រាយទំនិញប្រណីតរបស់ទីក្រុងនេះ បានស្ថិតក្រោមសម្ពាធ ខណៈពេលដែលអ្នកទេសចរចិនកំពុងងាកចេញពីម៉ាកយីហោប្រណីតបែបប្រពៃណីរបស់អឺរ៉ុប ហើយងាកមកប្រើម៉ាកយីហោក្នុងស្រុកជំនួសវិញ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទោះបីជាមានការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យថ្មីៗនេះក៏ដោយ ទីក្រុងហុងកុងនៅតែជាទីផ្សារលំនៅឋានថ្លៃបំផុតទីពីររបស់ពិភពលោក ដោយតាមពីក្រោយតែប្រទេសម៉ូណាកូ។
មិនតែប៉ុណ្ណោះរបាយការណ៍នេះ ក៏បានរកឃើញទៀតថា ហុងកុងនៅតែជាទីក្រុងដែលថ្លៃបំផុតសម្រាប់សេវាកម្មផ្នែកច្បាប់ និងជាប់ចំណាត់ថ្នាក់ក្នុងចំណោមកន្លែងដែលថ្លៃបំផុតដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជកម្ម៕

