Meta ចាក់លុយជិត ១០ពាន់លានដុល្លារ សង់មជ្ឈមណ្ឌលទិន្ន័យ AI ដំបូងបំផុតនៅកាណាដា

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Meta បានប្រកាសកាលពីថ្ងៃទី៨ កក្កដាថា ខ្លួននឹងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្ន័យ AI ដ៏ធំបំផុតមួយ នៅចំកណ្តាលខេត្ត Alberta និងជាមជ្ឈមណ្ឌលទិន្នន័យដំបូងបំផុតនៅក្នុងប្រទេសកាណាដាផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនមេរបស់ Facebook មួយនេះ បាននិយាយទៀតថា មជ្ឈមណ្ឌលទិន្នន័យទំហំ ១ ​ជីហ្គាវ៉ាត់នេះ នឹងត្រូវសាងសង់ឡើងជាមួយនឹងសមត្ថភាពក្នុងការពង្រីករហូតដល់ ១,៨ ជីហ្គាវ៉ាត់ ជាមួយនឹងទុនវិនិយោគសរុប ១៣ពាន់លានដុល្លារកាណាដា ឬស្មើនឹង ៩,១៧ពាន់លានដុល្លារអាមេរិក។

គួរឲ្យដឹងផងដែរថា ក្នុងរយៈពេលចុងក្រោយនេះ Meta បានបង្កើនការវិនិយោគទ្វេដងលើ AI ដោយសន្យាថានឹងចំណាយទឹកប្រាក់រាប់រយពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI ធំៗ ជាពិសេសនៅទឹកដីសហរដ្ឋអាមេរិក។

ជម្រាបជូនថា ក្រុមហ៊ុន Meta ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដទៃទៀតដែរ កំពុងប្រឈមមុខនឹងតម្រូវការថាមពលដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែការរីកចម្រើននៃ AI ហើយខេត្ត Alberta របស់ប្រទេសកាណាដា សម្បូរទៅដោយឧស្ម័នធម្មជាតិ ដែលលក់ក្នុងតម្លៃទាបគួរឲ្យកត់សម្គាល់ បើធៀបនឹងតម្លៃស្តង់ដារនៅសហរដ្ឋអាមេរិក៕​