ជប៉ុន ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ

សង្គម​ និង​សេដ្ឋកិច្ច

ជប៉ុន ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ និងសេដ្ឋកិច្ច ជាមួយកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។​ នេះបើ​យោង​តាមការបញ្ជាក់ពីលោក UENO ATSUSHI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព​នៃប្រទេស​ជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជាមួយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ច​ការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-ជប៉ុន កាលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក សួស យ៉ារ៉ា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាក្នុងដំណើរការកសាងសន្តិភាព ការស្តារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសហបង្កើតកញ្ចប់សេដ្ឋកិច្ចកម្ពុជា-ជប៉ុន (Cambodia–Japan Economic Co-Creation Package)។

លោក ក៏បានសម្តែងការកោតសរសើរចំពោះឯកអគ្គរាជទូត ដែលបានបំពេញបេសកកម្មការទូតប្រកបដោយការប្តេជ្ញាចិត្ត និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្នុងអាណត្តិបេសកកម្មការទូតរបស់លោក។

ជាការឆ្លើយតប លោក UENO ATSUSHI ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការដែនសមុទ្រ ភាពជាដៃគូអាស៊ាន-ជប៉ុន និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ លោកក៏បានសម្តែងក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ នឹងបន្តរីកចម្រើនបន្ថែមទៀតនាពេលអនាគតដ៏ខ្លី។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមក្នុងការបន្តពង្រឹងទំនាក់ទំនងមិត្តភាពដ៏ល្អ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ឱ្យកាន់តែស៊ីជម្រៅ សម្រាប់ផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ៕អត្ថបទ៖ហ្សាលីន