ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ៊្វូដ របស់អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ កាលពីពេលថ្មីៗនេះ បានប្រកាសចេញនូវផលិតផលថ្មីមួយមុខទៀតគឺ ម្សៅស៊ុបរស់ជាតិសាច់គោ ដែលជាផលិតផលដំបូងគេនៅកម្ពុជា។

លោក ហេង ផាន អគ្គនាយក វិរៈ ប៊ុនថាំ ហ៊្វូដ បានថ្លែងប្រាប់ដល់ Oknha News ឱ្យដឹងថា ផលិតផលថ្មី ម្សៅស៊ុបរស់ជាតិសាច់គោ ជាផលិតផលដំបូងគេនៅកម្ពុជា ដែលពីមុនស្រុកខ្មែរមិនធ្លាប់មាននោះទេ។ សម្រាប់ម្សៅស៊ុបរស់ជាតិសាច់គោ ក្រុមហ៊ុនមានប្រភេទ ១៧ក្រាម ១៦៥ក្រាម និង ៤០០ក្រាម។ ម្សៅស៊ុបទាំងនេះ ស័ក្តិសមសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងការចម្អិនម្ហូបប្រចាំថ្ងៃដូចជា ឆា ខ ស្ងោ ឬប្រឡាក់សាច់ ជាដើម។
លោកបន្តថា កន្លងមកម្សៅស៊ុបមានច្រើនក្រុមហ៊ុនណាស់ ប៉ុន្តែម្សៅស៊ុប វិរៈ ប៊ុនថាំ ហ៊្វូដ ផលិតឡើងជាមួយរស់ជាតិដ៏ឈ្ងុយឆ្ងាញ់ មិនចាញ់ផលិតបរទេសនោះទេ ដោយសារវិស្វករដែលធ្វើម្សៅស៊ុបនេះសុទ្ធតែអ្នកជំនាញ។ យ៉ាងណាមិញ នៅពេលរោងចក្រក្រុមហ៊ុន វិរៈ ប៊ុនថាំ សាងសង់រួចរាល់ ក្រុមហ៊ុននឹងធ្វើការផលិតម្សៅស៊ុបទាំងនេះ រួមទាំងដុំស៊ុប បន្ថែមទៀត។
សូមជម្រាបថា កាលដើមខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ៊្វូដ បានប្រកាសចេញលក់ ម្សៅស៊ុបចំនួន ២ រស់ជាតិមកហើយ គឺម្សៅស៊ុបរស់ជាតិសាច់មាន់ និងម្សៅស៊ុបរស់ជាតិសាច់ជ្រូក។ ក្រុមហ៊ុន ក៏គ្រោងនឹងចេញដុំស៊ុបដែលមាន ៣ រស់ជាតិ គឺរស់ជាតិសាច់មាន់ រស់ជាតិសាច់ជ្រូក និងរស់ជាតិសាច់គោ សម្រាប់ការប្រើប្រាស់ផលិតទឹកស៊ុប ភាគច្រើននៅតាមបណ្តាសណ្ឋាគារ និងភោជនីយដ្ឋាន ក្នុងពេលឆាប់ៗខាងមុខនេះបន្តបន្ទាប់គ្នាផងដែរ៕



