នៅក្នុងជំនួបពិភាក្សាការងារស្តីពីគម្រោងវិនិយោគថាមពល លោក Nicolas Forissier រដ្ឋមន្ត្រីប្រតិភូបារាំង បានបញ្ជាក់មុខរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈថា តម្លៃស្នូលនៃវិស័យថាមពល «គ្មានថាមពល គ្មានសេដ្ឋកិច្ច»។ លោកក៏បានពីបង្ហាញបំណងពង្រីកការវិនិយោគលើថាមពលកកើតឡើងវិញ និងការគ្រប់គ្រងបរិស្ថាននៅកម្ពុជាផងដែរ។

កិច្ចពិភាក្សារវាងភាគីទាំងពីរខាងលើក៏បានផ្ដោតលើគម្រោងវារីអគ្គិសនីកម្លាំង ៨០០ មេហ្កាវ៉ាត់ និងគម្រោងកែច្នៃកាកសំណល់សម្រាមនៅរាជធានីភ្នំពេញទៅជាថាមពលអគ្គិសនី ដែលក្រុមហ៊ុនបារាំងកំពុងសិក្សាដើម្បីវិនិយោគ។
ក្រៅពីគម្រោងខាងលើ ភាគីទាំងពីរក៏បានជជែកដេញដោលយ៉ាងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការផ្នែកប្រេង និងឧស្ម័ន។ ទន្ទឹមនឹងនេះ ភាគីបារាំងបានបង្ហាញជំហរគាំទ្រយ៉ាងពេញទំហឹងចំពោះការស្វែងរកដំណោះស្រាយលើបញ្ហាតំបន់ត្រួតស៊ីគ្នា (OCA) រវាងកម្ពុជា និងថៃ ដោយផ្អែកលើគោលការណ៍សន្តិវិធី និងច្បាប់អន្តរជាតិ ដើម្បីធានាបាននូវផលប្រយោជន៍សេដ្ឋកិច្ច និងស្ថិរភាពក្នុងតំបន់។



