ខេត្តព្រះវិហារ មានធនធានរ៉ែសំខាន់ៗ ៣ ប្រភេទ និងមាន ១៣ ក្រុមហ៊ុន បានអាជ្ញាបណ្ណវិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងភូមិសាស្ត្រខេត្តមានធនធានរ៉ែសំខាន់ៗ ចំនួន៣ប្រភេ ដូចជា ៖រ៉ែមាស រ៉ែដែក រ៉ែលោហៈ ហើយមាន១៣ ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណវិនិយោគលើប្រភេទរ៉ែទាំងនេះ។នេះបើយោងតាមរបាយការណ៍របស់លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងដំណើរចុះជួបសំណេះសំណាល របស់សម្តេតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តព្រះវិហារ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ បើតាមរបាយការណ៍របស់ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានឱ្យដឹងថា ខេត្តព្រះវិហារស្ថិតនៅភាគឧត្តរនៃព្រះរាជាណាចក្រកម្ពុជាមានក្រឡាផ្ទៃប្រមាណជាង១៣ពាន់គីឡូម៉ែត្រក្រឡាបែងចែកជា១ក្រុង ៧ស្រុក ៤៩ឃុំ២សង្កាត់ និង២៣២ភូមិ។ ខេត្តព្រះវិហារមានសម្បត្តិធនធានធម្មជាតិព្រៃឈើ និងប្រាសាទបុរាណជាច្រើនក្នុងនោះមានប្រាសាទបុរាណដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកចំនួន២ គឺប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។

លោកបន្តថា ខេត្តព្រះវិហារមានសក្តានុពលនិងពឹងផ្អែកលើវិស័យកសិកម្មជាពិសេសគឺការជំរុញផលិតកម្មស្រូវសរីរាង្គដែលបានចងក្រងជាសហគមន៍កសិកម្មចំនួន ៤៧សហគមន៍ ដើម្បីចុះកិច្ចសន្យាទិញលក់ជាមួយក្រុមហ៊ុនសហគ្រាសចំនួន៩ក្រុមហ៊ុន។ ក្រៅពីនេះខេត្តមានដាំដំណាំយុទ្ធសាស្ត្រសំខាន់ៗដូចជាស្វាយចន្ទីប្រមាណ៣ម៉ឺនហិកតា,ដំណាំស្វាយប្រមាណ៨ពាន់ហិកតា,ដំឡូងមីប្រមាណ៤ម៉ឺនហិកតា និងកៅស៊ូប្រមាណ៣ម៉ឺនហិកតា ដាំលក្ខណៈជាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន១៥ក្រុមហ៊ុន និងលក្ខណៈជាគ្រួសារ។

ក្នុងភូមិសាស្ត្រខេត្តព្រះវិហារនេះដែរ ក៏មានធនធានរ៉ែសំខាន់ៗ ដូចជារ៉ែមាស រ៉ែដែក រ៉ែលោហៈ ដែលមានអាជ្ញាបណ្ណធនធានរ៉ែ៥អាជ្ញាបណ្ណស្មើនឹង៣ក្រុមហ៊ុន,អាជ្ញាបណ្ណអណ្តូងរ៉ែ និងការដ្ឋានវាយថ្ម១២អាជ្ញាបណ្ណស្មើនឹង១០ក្រុមហ៊ុន។

ថ្លែងក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្តព្រះវិហារសាជាថ្មី។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារមូលដ្ឋានខេត្ត ដែលបានខិតខំក្នុងកិច្ចការងារកន្លងមក៕អត្ថបទ៖ហ្សាលីន