១៣ គម្រោងរដ្ឋអនុម័តឲ្យចុះបញ្ជីបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ ៦៨,២លានដុល្លារអាមេរិក

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីដល់គម្រោងវិនិយោគចំនួន ១៣គម្រោងក្នុងទំហំទុនប្រមាណ ៦៨,២លានដុល្លារសហរដ្ឋអាមេរិក ស្ថិតនៅភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល, តាកែវ, កំពង់ស្ពឺ, ព្រះសីហនុ និងស្វាយរៀង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ គម្រោងវិនិយោគទាំង ១៣គម្រោងនេះ មានសមត្ថភាពអាចបង្កើតការងារបានប្រមាណ ៨.៣៣៣កន្លែង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំង ១៣នោះ គឺអនុម័តឲ្យបង្កើតគម្រោងវារីអគ្គិសនី,រោងចក្រផលិតក្រណាត់, រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង, រោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់, រោងចក្រផលិត កាបូបគ្រប់ប្រភេទ, រោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ, រោងចក្រផលិត ដើមគ្រីស្មាស់ និងសម្ភារៈលំអដើមគ្រីស្មាស់, រោងចក្រផលិតដើមណូអែល អំពូលភ្លើងលម្អដើមណូអែល សម្ភារៈតុបតែងលម្អដើមណូអែល និងវត្ថុអនុស្សាវរីយ៍, រោងចក្រផលិតក្តារប៉ាកេ ក្តារបន្ទះ គ្រឿងតុបតែងពីឈើ និងគ្រឿងសង្ហារិមគ្រប់ប្រភេទ និងរោងចក្រផលិតស៊ុមទ្វារ ស៊ុមបង្អួច និងជ្រីធ្វើអំពីឈើ ជាដើម។

សូមជម្រាបជូនថា  ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១១៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១.១ប៊ីលានដុល្លារ និងអាចបង្កើតការងារបានចំនួន ១២២ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង ១១៣នេះ គម្រោងចំនួន១០២ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម, គម្រោងចំនួន៧ ស្ថិតនៅក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, គម្រោងចំនួន៣ ស្ថិតនៅក្នុងវិស័យទេសចរណ៍ និងគម្រោងចំនួន១ ស្ថិតនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ៕