តម្លៃសំបុត្រចូលទស្សនា World Cup ធ្លាក់ចុះខ្លាំង ក្រោយព័រទុយហ្គាល់ និងក្រុមម្ចាស់ផ្ទះអាមេរិក ត្រូវជម្រុះចេញ

អន្តរជាតិ

បន្ទាប់ពីក្រុមម្ចាស់ផ្ទះអាមេរិក និងក្រុមជម្រើសជាតិព័រទុយហ្គាល់របស់កំពូលកីឡាករ Cristiano Ronaldo ត្រូវបានជម្រុះចេញ ទីផ្សារតម្លៃសំបុត្រចូលទស្សនាការប្រកួតដែលនៅសល់សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ World Cup ឆ្នាំ២០២៦នេះ ហាក់មានការប្រែប្រួលយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមកាសែត Indian Express បានបង្ហាញថា ក្រោយក្រុមព័រទុយហ្គាល់ត្រូវបានទម្លាក់ចេញពី World Cup ដោយក្រុមជម្រើសជាតិអេស្ប៉ាញ តម្លៃសំបុត្រចូលទស្សនាការប្រកួតនេះ បានធ្លាក់ចុះយ៉ាងខ្លាំង។ នេះក៏ដោយសារតែអវត្តមានរបស់ខ្សែប្រយុទ្ធកំពូល Cristiano Ronaldo ដែលធ្វើឲ្យប្រជាប្រិយភាពនៃការប្រកួតបាល់ទាត់ពិភពលោក ហាក់មានការធ្លាក់ចុះ និងកាត់នបន្ថយការទាក់ទាញនៃការប្រកួតដែលនៅសល់។

យោងតាមរបាយការណ៍មួយរបស់វេបសាយស្វែងរក SeatPick បានបង្ហាញថា តម្លៃសំបុត្រទាបបំផុតសម្រាប់ទស្សនាការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦ នេះ បានធ្លាក់ចុះជាមធ្យម ៣១,៥% ក្នុងរយៈពេលត្រឹមតែ ១-២ថ្ងៃចុងក្រោយនេះ និងច្រើនជាង ៥០% បើប្រៀបធៀបទៅនឹងបីថ្ងៃមុន។

ទន្ទឹមនឹងនេះ តម្លៃសំបុត្រសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍នេះ ក៏បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ បើប្រៀបធៀបទៅនឹងកម្រិតខ្ពស់បំផុតដែលបានកត់ត្រានៅថ្ងៃទី២៤ ខែមិថុនា។ ជាពិសេស សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តម្លៃសំបុត្រទាបបំផុតគឺ ២ ៣២០ដុល្លារ ខណៈដែលថ្លៃបំផុតគឺ ១៩ ៣៦៥ដុល្លារ។ សំបុត្រថោកបំផុតបានថយចុះជាង ៤២% ពីកម្រិតខ្ពស់បំផុតដែលត្រូវបានដាក់លក់ពីមុន។

ដោយឡែកសម្រាប់វគ្គផ្តាច់ព្រ័ត្រ (ដែលនឹងត្រូវធ្វើឡើងនៅរដ្ឋ New Jersey នៅថ្ងៃទី១៩ ខែកក្កដា) តម្លៃសំបុត្រទាបបំផុតបច្ចុប្បន្នគឺ ៩ ០១៥ដុល្លារ ខណៈពេលដែលសំបុត្រថ្លៃបំផុតគឺ ៦៧ ៦១០ដុល្លារ។ ពីមុនតម្លៃសំបុត្រទាបបំផុត គឺ ១១ ១៣២ដុល្លារ ពោលគឺបានធ្លាក់ចុះប្រហែល ២០%៕​