បន្ទាប់ពីក្រុមម្ចាស់ផ្ទះអាមេរិក និងក្រុមជម្រើសជាតិព័រទុយហ្គាល់របស់កំពូលកីឡាករ Cristiano Ronaldo ត្រូវបានជម្រុះចេញ ទីផ្សារតម្លៃសំបុត្រចូលទស្សនាការប្រកួតដែលនៅសល់សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ World Cup ឆ្នាំ២០២៦នេះ ហាក់មានការប្រែប្រួលយ៉ាងខ្លាំង។

យោងតាមកាសែត Indian Express បានបង្ហាញថា ក្រោយក្រុមព័រទុយហ្គាល់ត្រូវបានទម្លាក់ចេញពី World Cup ដោយក្រុមជម្រើសជាតិអេស្ប៉ាញ តម្លៃសំបុត្រចូលទស្សនាការប្រកួតនេះ បានធ្លាក់ចុះយ៉ាងខ្លាំង។ នេះក៏ដោយសារតែអវត្តមានរបស់ខ្សែប្រយុទ្ធកំពូល Cristiano Ronaldo ដែលធ្វើឲ្យប្រជាប្រិយភាពនៃការប្រកួតបាល់ទាត់ពិភពលោក ហាក់មានការធ្លាក់ចុះ និងកាត់នបន្ថយការទាក់ទាញនៃការប្រកួតដែលនៅសល់។
យោងតាមរបាយការណ៍មួយរបស់វេបសាយស្វែងរក SeatPick បានបង្ហាញថា តម្លៃសំបុត្រទាបបំផុតសម្រាប់ទស្សនាការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦ នេះ បានធ្លាក់ចុះជាមធ្យម ៣១,៥% ក្នុងរយៈពេលត្រឹមតែ ១-២ថ្ងៃចុងក្រោយនេះ និងច្រើនជាង ៥០% បើប្រៀបធៀបទៅនឹងបីថ្ងៃមុន។
ទន្ទឹមនឹងនេះ តម្លៃសំបុត្រសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍នេះ ក៏បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ បើប្រៀបធៀបទៅនឹងកម្រិតខ្ពស់បំផុតដែលបានកត់ត្រានៅថ្ងៃទី២៤ ខែមិថុនា។ ជាពិសេស សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តម្លៃសំបុត្រទាបបំផុតគឺ ២ ៣២០ដុល្លារ ខណៈដែលថ្លៃបំផុតគឺ ១៩ ៣៦៥ដុល្លារ។ សំបុត្រថោកបំផុតបានថយចុះជាង ៤២% ពីកម្រិតខ្ពស់បំផុតដែលត្រូវបានដាក់លក់ពីមុន។
ដោយឡែកសម្រាប់វគ្គផ្តាច់ព្រ័ត្រ (ដែលនឹងត្រូវធ្វើឡើងនៅរដ្ឋ New Jersey នៅថ្ងៃទី១៩ ខែកក្កដា) តម្លៃសំបុត្រទាបបំផុតបច្ចុប្បន្នគឺ ៩ ០១៥ដុល្លារ ខណៈពេលដែលសំបុត្រថ្លៃបំផុតគឺ ៦៧ ៦១០ដុល្លារ។ ពីមុនតម្លៃសំបុត្រទាបបំផុត គឺ ១១ ១៣២ដុល្លារ ពោលគឺបានធ្លាក់ចុះប្រហែល ២០%៕

