លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសន្យាជាមួយកម្ពុជាថានឹងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជា ដែលលោកបានទទួលបទពិសោធដោយផ្ទាល់ពីការធ្វើដំណើរគ្រប់ខេត្តក្រុងនៃកម្ពុជាដល់ប្រជាជនជប៉ុន និងបានលើកជាសំណើទៅកម្ពុជាពិនិត្យលទ្ធភាពផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរជប៉ុនផងដែរ។

ការសន្យានិងស្នើសុំរបស់លោកឯកអគ្គរាជទូត បានធ្វើឡើងក្នុងឱកាស លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតចូលជួបសម្តែងការគួរសម និងជំរាបលា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។
ឆ្លៀតក្នុងឱកាសនៃជំនួបនេះ លោកឯកអគ្គរាជទូត បានបញ្ជាក់ពីការបន្តគាំទ្រការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ការផ្សព្វផ្សាយទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកដ៏សកម្មរបស់លោកឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងប្រទេសជប៉ុន ឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កា ជាពិសេសក្នុងវិស័យទេសចរណ៍ ក្នុងអាណត្តិបេសកកម្មទូតរបស់លោក តឯកអគ្គរាជទូត។

លោកក៏បានគូសបញ្ជាក់ថាកម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរជប៉ុន និងអន្តរជាតិ ព្រមទាំងបានស្នើឱ្យភាគីជប៉ុនបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា សម្របសម្រួលឱ្យការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ បន្តពង្រីកការតភ្ជាប់ជើងហោះហើររវាងជប៉ុន និងកម្ពុជា គាំទ្រការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយ អ្នកបង្កើតមាតិកា និងវិនិយោគិនជប៉ុនមកស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន មានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៣ ហើយបច្ចុប្បន្នទំនាក់ទំនងប្រទេសទាំងពីរត្រូវបានដំឡើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងជាបន្តបន្ទាប់ តាមរយៈ ASEAN-Japan Centre (AJC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) លើការអភិវឌ្ឍធនធានមនុស្ស ការផ្សព្វផ្សាយទេសចរណ៍ និងទេសចរណ៍ប្រកបដោយនិរន្តរភាព។

