សមាគមជប៉ុន នឹងបន្តជំរុញការវិនិយោគខ្នាតតូច និងមធ្យមនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

សមាគមជប៉ុន-កម្ពុជា បានលើកឡើងពីសក្ដានុពលនៅក្នុងការវិនិយោគផ្នែកសហគ្រាសខ្នាតតូច និងមធ្យម ដែលជាចំណុចស្នូលដែលសមាគមជប៉ុន-កម្ពុជា ចាប់អារម្មណ៍ ហើយសមាគមក៏កំពុងជំរុញការវិនិយោគខ្នាតតូច និងមធ្យមនេះនៅកម្ពុជាឱ្យបានច្រើនថែមទៀតផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សាការងាររវាង សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក តាកាយ៉ាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) កាលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ។

នាឱកាសនោះ លោកប្រធានសមាគមជប៉ុន-កម្ពុជា ក៏បានលើកឡើងអំពីសក្ដានុពលរបស់កម្ពុជា ពោល គឺសក្ដានុពលនៅក្នុងការវិនិយោគផ្នែកសហគ្រាសខ្នាតតូច និងមធ្យម ដែលជាចំណុចស្នូលដែល សមាគមជប៉ុន-កម្ពុជា ចាប់អារម្មណ៍ ហើយសមាគមរបស់លោកក៏កំពុងជំរុញការវិនិយោគខ្នាតតូច និងមធ្យមនេះនៅកម្ពុជាឱ្យបានច្រើន។ ទន្ទឹមនឹងនេះលោកក៏ បានកោតសរសើរចំពោះសក្ដានុពលធនធានធម្មជាតិរបស់កម្ពុជា ដែលឯកឧត្តមបានលើកឡើងថា កម្ពុជាមានលក្ខណៈអំណោយផលទៅលើធនធានធម្មជាតិ ហើយជប៉ុនមានលក្ខណៈពិសេសផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា ដូច្នេះបូកបញ្ចូលគ្នាទៅអាចនាំឱ្យកម្ពុជាបង្កើតបាននូវផលិតផលជាច្រើនទៀតដើម្បីនាំចេញទៅក្រៅប្រទេស។

នៅក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សមាគមជប៉ុន-កម្ពុជា បានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហើយរដ្ឋាភិបាលជប៉ុនក៏បានខិតខំប្រឹងប្រែងជួយផ្ដល់ជំនួយដល់កម្ពុជាបានយ៉ាងច្រើនផងដែរ។ សម្ដេចតេជោ បានលើកឡើងអំពីការវិនិយោគទៅលើសហគ្រាសខ្នាតតូច និងមធ្យម ខណៈសម្ដេចក៏ជំរុញឱ្យមានការវិនិយោគផុសផុលបន្ថែមទៀត ពីព្រោះសហគ្រាសខ្នាតតូច និងមធ្យមនេះ គឺជាចលករនៃការជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ សមាគមជប៉ុន-កម្ពុជា ក៏កោតសរសើរចំពោះភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា ដោយសមាគម ហើយប្តេជ្ញាចូលរួមចំណែកក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ៕ អត្ថបទ៖ហ្សាលីន