នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងសុខាភិបាល បានប្រកាសជាផ្លូវការ សេវាប្រឹពចាក់ (CAB-PrEP) ដែលឱសថនោះមានឈ្មោះថា «កាបូតេក្រាវៀ (Cabotegravir)» គឺជាប្រភេទឱសថចាក់ សម្រាប់បង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ ក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

លោកស្រី យក់ សម្បត្ដិ បានឱ្យដឹងថា ប្រទេសកម្ពុជាជាប្រទេសដំបូងគេនៅក្នុងតំបន់ ដែលបានដាក់ឱ្យប្រើប្រាស់ CAB-PrEP ។ នេះជាវិធីសាស្ត្រមួយ នៃយុទ្ធសាស្ត្របង្ការមេរោគអេដស៍ ដែលមានលក្ខណៈរួមបញ្ចូលគ្នា និងផ្តល់ជម្រើសច្រើនក្នុងការបង្ការ។ ឱសថ CAB-PrEP នេះ ត្រូវចាក់រៀងរាល់ពីរខែម្តង ផ្តល់នូវជម្រើសមួយងាយស្រួល មានឯកជនភាព បន្ថែមលើជម្រើស PrEP លេប ដែលមានប្រសិទ្ធភាពខ្ពស់រហូតដល់ ៩៥% ក្នុងការបង្ការមេរោគអេដស៍។
លោកស្រីបន្តថា ក្នុងជំហានដំបូង ក្រសួងសុខាភិបាលនឹងដាក់ឱ្យប្រើប្រាស់ថ្នាំ CAB-PrEP នៅរាជធានីភ្នំពេញ គឺមាននៅគ្លីនិកជាតិព្យាបាលជំងឺអេដស៍ សើស្បែក និងកាមរោគ ( ART-1 and ART-2), គ្លីនិកជាតិទីតាំងទី២ នៅទួលគោក (NCHADS-AHF ART-3 គឺមណ្ឌលសុខភាពទួលគោក និងសមាគមឈូកស (គ្លីនិកឈូកស)។
ទោះបីជាយ៉ាងណា ក្រសួងសុខាភិបាលក៏បានអំពាវឱ្យប្រជាជន ក្រុមប្រជាជនប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ យុវវ័យ ត្រូវប្រកាន់ភ្ជាប់នូវផ្នត់គំនិត និងឥរិយាបថវិជ្ជមាន ក្នុងការបង្ការការចម្លងមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង គ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើងពីការរីករាល នៃមេរោគអេដស៍ ព្រោះថា «យើងអាចភ្លេចអេដស៍ តែអេដស៍ពុំភ្លេចយើងឡើយ»។
យោងតាមការប៉ាន់ប្រមាណការឆ្លងរាលដាលមេរោគអេដស៍ជាតិ នៅឆ្នាំ២០២៥ ដែលចេញផ្សាយដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងការិយាល័យអង្គការ UNAIDS ប្រចាំកម្ពុជា ឡាវ និងម៉ាឡេស៊ី៖ ចំនួនអ្នកឆ្លងមេរោគអេដស៍ថ្មីបានថយចុះមកត្រឹម ១,២០០នាក់ ក្នុងឆ្នាំ២០២៤ ដែលជាការថយចុះ៤៥% ពីកម្រិតមូលដ្ឋាននៅឆ្នាំ២០១០ និងជាការថយចុះជាង៩០% ចាប់តាំងពីការឆ្លងរីករាលដាលនៃមេរោគច្រើនបំផុតនៅចុងទសវត្សរ៍ឆ្នាំ១៩៩០៕