បរិមាណប្រេងរបស់អ៉ីរ៉ង់ដែលជាប់គាំងនៅលើសមុទ្រកំពុងកើនឡើងយ៉ាងខ្លាំង ខណៈពេលដែលទីក្រុងតេអេរ៉ង់ ជំរុញការនាំចេញច្រើនលើសលប់ ប៉ុន្តែប្រទេសចិនដែលជាអតិថិជនចម្បងរបស់ពួកគេ បានកាត់បន្ថយការបញ្ជាទិញទៅវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ដោយទាញយកអត្ថប្រយោជន៍ពីការលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជាបណ្តោះអាសន្ន បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់កាលពីខែមុន អ៉ីរ៉ង់បានផ្ទុកប្រេងប្រហែល ៣០ លានបារ៉ែលទៅលើកប៉ាល់ ដែលស្មើនឹង ១,៣៥ លានបារ៉ែលក្នុងមួយថ្ងៃ ចន្លោះថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា នេះបើយោងតាមក្រុមហ៊ុនទិន្នន័យ Vortexa Analytics។
តែទោះជាយ៉ាងណាក៏ដោយ ការលក់ប្រេងរបស់អ៉ីរ៉ង់កំពុងថយចុះយ៉ាងខ្លាំង ខណៈពេលដែលប្រទេសចិន ដែលអតិថិជនដ៏សំខាន់ កំពុងផ្លាស់ប្តូរទៅរកប្រេងឆៅដែលមានតម្លៃថោកជាងពីប្រទេសអ៊ីរ៉ាក់ អារ៉ាប់រួម និងកាតាជំនួសវិញ។ យោងតាមទិន្នន័យ Kpler ការនាំចូលប្រេងអ៊ីរ៉ង់របស់ចិនចាប់តាំងពីដើមខែមក មានត្រឹមតែ ៥៥៦ ០០០ បារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែមករា ឆ្នាំ២០២៣ មក។
ជុំវិញការកាត់បន្ថយនេះបានបណ្តាលឱ្យបរិមាណប្រេងអ៉ីរ៉ង់ដែលជាប់គាំងនៅលើសមុទ្រកើនឡើងយ៉ាងខ្លាំង។ ហើយមិនតែប៉ុណ្ណោះ ការដាក់ទណ្ឌកម្មឡើងវិញរបស់សហរដ្ឋអាមេរិកនៅសប្តាហ៍នេះ អាចនឹងកាន់តែបន្ថែមសម្ពាធឲ្យអ៉ីរ៉ង់ត្រូវប្រញាប់ប្រញាល់ស្វែងរកអតិថិជនថ្មីៗ របស់ខ្លួនបន្ថែមទៀត។
គួរជម្រាបជូនផងដែរថា ការនាំចេញប្រេងពីប្រទេសមជ្ឈិមបូព៌ាផ្សេងទៀត កំពុងធ្វើឲ្យតម្រូវការប្រេងអ៉ីរ៉ង់ថយចុះ។ ប្រទេសផលិតប្រេងនៅក្នុងតំបន់នេះ បានបន្តការសម្រុកនាំចេញយ៉ាងឆាប់រហ័ស បន្ទាប់ពីច្រកសមុទ្រ Hormuz បានបើកឡើងវិញ នៅចុងខែមិថុនាកន្លងទៅ៕

