កម្ពុជា និងជប៉ុន បានឈានដល់ការចុះហត្ថលេខាជាផ្លូវការលើកញ្ចប់ថវិកាប្រមាណជិត ១២០លានដុល្លារអាម៉េរិក ដើម្បីពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។

ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េននេះ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
ថវិកាដែលរដ្ឋាភិបាលជប៉ុនបានផ្តល់ជូននាពេលនេះ មានទឹកប្រាក់សរុបចំនួន ១៧.៧៧៦ លានយ៉េន ឬប្រមាណ ១១៩ លានដុល្លារអាម៉េរិក ដែលជាកញ្ចប់ឥណទានទី២ សម្រាប់យកទៅប្រើប្រាស់ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ជំនួយឥណទានសម្បទាននេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្ម និងពង្រីកវិសាលភាពដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃទំហំពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។


