ប្រទេសហ្វីលីពីន បាននាំចូលអង្ករសរុបចំនួន ២,៧៥ លានតោនក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៦ ដែលជាបរិមាណខ្ពស់បំផុតមិនធ្លាប់មាននៅឆមាសទីមួយ គិតចាប់តាំងពីការិយាល័យឧស្សាហកម្មរុក្ខជាតិ (BPI) ដែលស្ថិតក្រោមក្រសួងកសិកម្មបានចាប់ផ្តើមតាមដានទិន្នន័យ នៅឆ្នាំ២០១៩ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

យោងតាម BPI ការនាំចូលអង្ករចាប់ពីខែមករាដល់ខែមិថុនារបស់ហ្វីលីពីន បានកើនឡើង ២០,១% ឬប្រហែល ៤៦០ ០០០ តោន ពីចំនួន ២,២៩ លានតោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យ៉ាងណាមិញ លោក Arnel de Mesa ជំនួយការរដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាអ្នកនាំពាក្យរបស់ក្រសួងបាននិយាយថា ការនាំចូលកាន់តែច្រើននេះ មានបំណងធានាការផ្គត់ផ្គង់ក្នុងស្រុកគ្រប់គ្រាន់ និងធ្វើឱ្យតម្លៃអង្ករមានស្ថេរភាព ចំពេលមានការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ និងជី ក៏ដូចជាការរៀបចំសម្រាប់ផលប៉ះពាល់ដែលអាចកើតមាននៃបាតុភូតរាំងស្ងួត El Nino ផងដែរ។
លោក Arnel បានមានប្រសាសន៍ថា ទោះបីជាមានការនាំចូលកើនឡើង ២០% ក៏ដោយ ការផលិតអង្ករក្នុងស្រុកនៅតែស្ថិតនៅក្រោមសម្ពាធ ដែលតម្រូវឱ្យមានការផ្គត់ផ្គង់បន្ថែមដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ ដោយបន្ថែមថា អាទិភាពរបស់រដ្ឋាភិបាលគឺរក្សាស្តុកអង្ករឱ្យបានគ្រប់គ្រាន់ក្នុងតម្លៃសមរម្យ ដើម្បីជួយរក្សាទីផ្សារឱ្យមានស្ថិរភាពរហូតដល់ចុងឆ្នាំ។
គួរជម្រាបជូនថា យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) ហ្វីលីពីនត្រូវបានគេរំពឹងថានឹងនៅតែជាប្រទេសនាំចូលអង្ករធំជាងគេបំផុតរបស់ពិភពលោកនៅឆ្នាំ២០២៦ នេះ ដោយការនាំចូលត្រូវបានព្យាករថានឹងឈានដល់ ៥,៧ លានតោន ដោយសារផលិតកម្មក្នុងស្រុកធ្លាក់ចុះ និងហានិភ័យនៃគ្រោះរាំងស្ងួតដែលបង្កឡើងដោយបាតុភូត El Nino នៅតែបន្ត៕

