ការដោះដូរទំនិញកម្ពុជា-ថៃ បានធ្លាក់ចុះជាង៣៧ ភាគរយ ក្នុងឆមាសទី១ ឆ្នាំនេះ

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមស្ថិតិតុល្យភាពពាណិជ្ជកម្ម ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងរយៈពេល ៦ខែដំបូង ចាប់ពីខែមករា ដល់ខែមិថុនា សម្រេចបានទឹកប្រាក់សរុប ១,៣៧ ប៊ីលានដុល្លារអាមេរិក។ ចំនួននេះមានការថយចុះយ៉ាងគំហុកប្រមាណ ៣៧,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងរបាយការណ៍ដដែលបានគូសបញ្ជាក់ថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃមានទំហំសរុប ៣៥៧ លានដុល្លារអាមេរិក ដែលមានការថយចុះ ២០,៣ ភាគរយ ពីចំនួន ៤៤៨ លានដុល្លារអាមេរិក ក្នុងឆមាសទី១ ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះដែរ ការនាំចូលពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ ៤១,៩ ភាគរយ ដោយមកនៅត្រឹម ១,០១ ប៊ីលានដុល្លារអាមេរិក បើធៀបនឹងទឹកប្រាក់ ១,៧៤ ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនៃទិន្នន័យពាណិជ្ជកម្មទាំងផ្នែកនាំចេញ និងនាំចូលនេះ បានឆ្លុះបញ្ចាំងពីការប្រែប្រួលនៃសកម្មភាពដោះដូរទំនិញរវាងប្រទេសជិតខាងទាំងពីរនៅក្នុងពាក់កណ្តាលឆ្នាំដំបូងនេះ។