យោធភូមិភាគទី៥ ប្រកាសច្រានចោលការផ្សាយមិនពិត ជុំវិញព័ត៌មានដែលលើកឡើងថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ខេត្ដពោធិ៍សាត់

សង្គម​ និង​សេដ្ឋកិច្ច

យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មាននិងបណ្តាញសង្គមមួយចំនួនដែលផ្សាយថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ ដោយសកម្មភាពនៃការឈូសឆាយនេះគឺស្ថិតនៅក្នុងផ្នែកនៃដីថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៥ បានសង្កត់ធ្ងន់ថា កងកម្លាំងកម្ពុជាដែលកំពុងឈរជើងនៅតំបន់នេះ ការពារយ៉ាងម៉ឺងម៉ាត់នូវបូរណភាពទឹកដីកម្ពុជា។

ទន្ទឹមនឹងនេះ យោធភូមិភាគទី៥ បានលើកឡើងផងដែរថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគឺជា សមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ហើយការអះអាងអំពីសមត្ថកិច្ចនេះ ក៏បានបញ្ជាក់បន្ថែមផងដែរនៅក្នុងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ គូសបញ្ជាក់ថា កម្ពុជា និងថៃមានមូលដ្ឋានគ្រប់គ្រាន់និងច្បាស់លាស់ ទាំងមូលដ្ឋានច្បាប់ យន្តការស្ថាប័ន និងវិធានការបច្ចេកទេស សម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសផែនទីមាត្រដ្ឋាន ១/២០០.០០០ យោងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងមានការបោះបង្គោល ជាមួយគ្នាចំនួន ៧៤ បង្គោល ហើយភាគីទាំងពីរកម្ពុជា-ថៃ បានទទួលស្គាល់ និងបញ្ជាក់ឡើងវិញនៅក្នុងអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០០(MoU2000)។

សាជាថ្មីម្តងទៀត យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាច់ខាត និងប្រកាសគាំទ្រការដោះស្រាយបញ្ហាព្រំដែនតាមមធ្យោបាយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ៕