អ្នកឧកញ៉ា ហាន់ ឃាង នឹងដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អញ្ជើញអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន

សមាគមឧកញ៉ាកម្ពុជា

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា, លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់ អ្នកឧកញ៉ា ហាន់ ឃាង អនុប្រធាន និងជាប្រធានគណៈកម្មការវិនិយោគ និងអភិវឌ្ឍន៍ ឱ្យដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា រួមមាន អ្នកឧកញ៉ា សៀ ឬទ្ធី, អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន, ឧកញ៉ា កង លាប និង លោក ម៉ សុទ្ធីវឌ្ឍ ដើម្បី​អមដំណើរ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋ​ប្រជាមានិតចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនេះ គណៈប្រតិភូក៏នឹងចូលរួមពិធីបើក សន្និសីទស្ដីពីបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ (World Artificial Intelligence Conference 2026) ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

ទន្ទឹមនឹងនេះដែរ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ក៏នឹងសម្របសម្រួលដឹកនាំគណៈប្រតិភូវិនិយោគិនមកពី សាធារណរដ្ឋប្រជាមានិតចិនចំនួន ៦ក្រុមហ៊ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញវិនិយោគនិងពាណិជ្ជកម្ម ព្រមទាំង​ស្វែងរកកាលានុវត្តភាពថ្មីៗ ដើម្បីពង្រីកការវិនិយោគនៅកម្ពុជា។

ដំណើរចូលរួមរបស់គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នាពេលនេះ ឆ្លុះបញ្ចាំងពីការបន្តគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការទូតសេដ្ឋកិច្ច ទាក់ទាញការវិនិយោគពីបរទេស ព្រមទាំងពង្រឹង​ភាព​ជាដៃគូ​រវាង វិស័យឯកជនកម្ពុជា និងសហគមន៍ធុរកិច្ចអន្តរជាតិ។