[រាជធានីភ្នំពេញ, ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦] — ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយ សមាគមឧកញ៉ាកម្ពុជា រៀបចំកម្មវិធីផ្សព្វផ្សាយជាសាធារណៈ (Roadshow) ស្តីពី «ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO)» ក្នុងគោលបំណងបង្ហាញពីឱកាសវិនិយោគ ផែនការអាជីវកម្ម និងចក្ខុវិស័យរីកចម្រើនទៅថ្ងៃអនាគតជូនដល់សមាជិកសមាគម វិនិយោគិន ព្រមទាំងសាធារណជនទូទៅ។

កម្មវិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.), ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) ,ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក និងអ្នកឧកញ៉ា ហាន់ ឃាង អនុប្រធានសមាគមឧកញ៉ាកម្ពុជា។
នៅក្នុងព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះវត្តមានរបស់សមាគមឧកញ៉ាកម្ពុជាមិនត្រឹមតែជាភ្ញៀវកិត្តិយសចូលរួមប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដើរតួជាកាតាលីករដ៏សំខាន់ ដើម្បីលើកស្ទួយ បណ្តុះបណ្តាល និងជម្រុញសហគ្រាសក្នុងស្រុក ជាពិសេសសមាជិករបស់សមាគមផ្ទាល់ ឱ្យបោះជំហានចូលទៅក្នុងវិស័យមូលបត្រកម្ពុជា។
ការចូលរួមចំណែកយ៉ាងសកម្មរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងការគាំទ្រដំណើរការ IPO របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក គឺជាសក្ខីភាពមួយបង្ហាញពីយុទ្ធសាស្ត្ររៀបចំរចនាសម្ព័ន្ធធុរកិច្ចឱ្យកាន់តែមានស្តង់ដារ តម្លាភាព និងនិរន្តរភាព ដែលជាគំរូដ៏គំរូសម្រាប់ក្រុមហ៊ុនក្នុងស្រុកដទៃទៀតក្នុងការស្វែងរកប្រភពទុនរយៈពេលវែងសម្រាប់ការអភិវឌ្ឍ។
ថ្លែងនៅក្នុងកម្មវិធីនេះ អ្នកឧកញ៉ា ហាន់ ឃាង អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានសង្កត់ធ្ងន់ថា «សមាគមឧកញ៉ាកម្ពុជា តែងតែឈរនៅជួរមុខក្នុងការគាំទ្រ និងលើកស្ទួយរាល់គំនិតផ្តួចផ្តើមដែលជួយពង្រឹងសមត្ថភាពក្រុមហ៊ុនក្នុងស្រុក។ ការចូលរួមចំណែកជំរុញ និងគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ក្នុងការធ្វើ IPO នាពេលនេះ គឺជាគោលដៅយុទ្ធសាស្ត្ររបស់សមាគមក្នុងការជួយឱ្យសហគ្រាសខ្មែរអាចពង្រីកខ្លួនទៅជាស្ថាប័នមហាជនដែលមានអភិបាលកិច្ចល្អ និងអាចទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល។»
ការសម្រេចចិត្តបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមឧកញ៉ាកម្ពុជា ដោយបានមានប្រសាសន៍ថា «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមឧកញ៉ាកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងធំធេង និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងក្នុងការលើកស្ទួយក្រុមហ៊ុន បុរី វិមានសំណាង ម.ក ក្នុងដំណើរការឆ្ពោះទៅកាន់ការធ្វើ IPO នេះ។ ការគាំទ្រដ៏មានតម្លៃពីសមាគម នឹងជួយឱ្យយើងមានលទ្ធភាពកាន់តែខ្ពស់ក្នុងការកសាងទំនុកចិត្តជាមួយសាធារណជន និងវិនិយោគិន ហើយវាក៏ជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់យើងក្នុងការក្លាយជាក្រុមហ៊ុនគំរូមួយក្នុងចំណោមសមាជិកសមាគម។»

ឯកឧត្តម ស៊ូ សុជាតិ (អគ្គនាយក ន.ម.ក.) បានកោតសរសើរចំពោះកិច្ចសហការរវាងក្រុមហ៊ុន និងសមាគមឧកញ៉ាកម្ពុជា ដែលនេះជាសញ្ញាណវិជ្ជមានក្នុងការជំរុញឱ្យវិស័យឯកជនយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃការកេណ្ឌប្រមូលទុនតាមរយៈទីផ្សារដោះដូរមូលបត្រ។
ឯកឧត្តម ហុង សុហួរ (អគ្គនាយក ផ.ម.ក.) បានបង្ហាញការស្វាគមន៍ និងលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងស្រុកដទៃទៀតឱ្យដើរតាមគន្លងរបស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ក្រោមការសម្របសម្រួល និងគាំទ្រពីសំណាក់សមាគមឧកញ៉ាកម្ពុជា។
សូមជម្រាបជូនថា ក្រុមហ៊ុន បុរី វិមានសំណាង ម.ក គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានលំដាប់ខ្ពស់ ប្រកបដោយប្រណីតភាព គុណភាព និងសោភ័ណភាពស្ថាបត្យកម្មដ៏វិសេសវិសាលនៅក្នុងប្រទេសកម្ពុជា។ គម្រោងនីមួយៗរបស់ក្រុមហ៊ុនតែងតែត្រូវបានគិតគូរយ៉ាងល្អិតល្អន់ពីផាសុកភាព សន្តិសុខ និងនិរន្តរភាពនៃការរស់នៅរបស់អតិថិជន។
សមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នតំណាងដ៏សកម្មរបស់ធុរជនជាន់ខ្ពស់ ដែលកាន់គោរមងារ «ឧកញ៉ា» នៅក្នុងប្រទេសកម្ពុជា មានបេសកកម្មជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ គាំទ្រសហគ្រាសក្នុងស្រុក និងសកម្មភាពមនុស្សធម៌នានា។
**សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លេខទូរស័ព្ទ៖ 011 62 6789 / 061 96 2000
អ៊ីមែល៖ [email protected]
គេហទំព័រ៖ www.bvs.com.kh







