លោក ឃួង ស្រេង៖ រាជធានីភ្នំពេញមានប្រជាពលរដ្ឋស្នាក់នៅ និងចេញចូលរកស៊ីប្រមាណជា៣លាននាក់មានរថយន្តប្រមាណ៧៥ម៉ឺនគ្រឿង

សង្គម​និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះ រាជធានីភ្នំពេញមានប្រជាពលរដ្ឋស្នាក់នៅ និងចេញចូលរកស៊ី ប្រមាណជា៣លាននាក់ មានរថយន្តប្រមាណ៧៥ម៉ឺនគ្រឿង និងម៉ូតូជាង២លាន ២សែនគ្រឿង។នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ចាស្ទីន វ៉ាយអេត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលី កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ លោក ឃួង ស្រេង មានប្រសាសន៍ថា រាជធានីភ្នំពេញ បានឆ្លងកាត់នូវសង្គ្រាមយ៉ាងច្រើន ពិសេសនៅក្នុងរបបប៉ុលពត កម្ពុជាបានធ្លាក់ដល់ចំណុចសូន្យ។តែក្រោយឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្រៅពីរំដោះប្រទេសពីរបបប៉ុល ពតហើយនោះ នូវបានអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើនថែមទៀត ដែលគិតមកពេលនេះ រាជធានីភ្នំពេញមានប្រជាពលរដ្ឋស្នាក់នៅ និងចេញចូលរកស៊ី ប្រមាណជា ៣លាននាក់ មានរថយន្តប្រមាណ ៧៥ម៉ឺនគ្រឿង និងម៉ូតូជាង២លាន២សែនគ្រឿង ពោលគឺចំនួនមនុស្ស និងយានយន្ត សឹងតែស្មើគ្នាទៅហើយ កត្តានេះហើយដែលធ្វើអោយរាជធានី ប្រឈមទៅនឹងការកកស្ទះបរាចរណ៍រាល់ថ្ងៃ។

លោកបន្តថា ប៉ុន្តែទោះបីជាយ៉ាងណា រដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងដោះស្រាយជាបន្តបន្ទាប់ ដោយបានកសាងស្ពានអាកាស និងស្ពានឆ្លងទន្លេជាដើម។ ជាក់ស្តែង រដ្ឋបាលរាជធានីភ្នំពេញ បានបើក
ឲ្យដំណើរការស្ពានឆ្លងកាត់ទន្លេកោះពេជ្រ-កោះនរា ឱ្យធ្វើចរាចរផ្លូវទាំងសងខាង ដែលវាអាចដោះស្រាយចរាចរណ៍បានមួយកម្រិតថែមទៀត។រដ្ឋបាលរាជធានីភ្នំពេញ ក៏នៅតែគិតគូរពីបញ្ហាការប្រឈមទាំងនេះ។

ឆ្លៀតក្នុងឱកាសនោះ លោក ក៏បានសំណូមពរឲ្យអ្នកមាននិយោគទុនរបស់អូស្រ្តាលីពិនិត្យលទ្ធភាព ដើម្បីវិនិយោគទៅលើការដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញផងដែរ។

ជាការឆ្លើយតប លោក ចាស្ទីន វ៉ាយអេត (Justin Whyatt) បានលើកឡើងថា ភ្នំពេញពិតជាមានការអភិវឌ្ឍន៍រីកចម្រើនលឿនខ្លាំង នេះគឺជាជោគជ័យមួយរបស់រាជធានីភ្នំពេញ ដែលធ្វើឲ្យប្រជាពលរដ្ឋនៅតាមខេត្ត សម្រុកចូលមករកស៊ីនៅរាជធានីភ្នំពេញ ដែលធ្វើឲ្យប្រឈមទៅនឹងការកកស្ទះចរាចរណ៍និងបញ្ហាទឹកស្អាតថែមទៀត។

លោក បានគូសបញ្ជាក់ថា លោកមានបំណងចង់ដឹងពីបញ្ហាប្រឈមនានារបស់រដ្ឋបាលរាជធានីភ្នំពេញ និងការដោះស្រាយប្រឈមទាំងនោះផងដែរ៕