អាមេរិក និងចិន ទាស់ទែងពាក្យសម្តីគ្នាខ្លាំងៗ នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ

អន្តរជាតិ

សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ​ បានចោទប្រកាន់ប្រទេសចិនថាបានរំលោភលើទណ្ឌកម្មហាមឃាត់ការដឹកជញ្ជូនអាវុធរបស់អង្គការសហប្រជាជាតិ (UN) ខណៈពេលដែលទីក្រុងប៉េកាំងបានចោទប្រកាន់អាមេរិកវិញថាកំពុងរុញច្រានឲ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ចុះទៅក្នុងមាត់ជ្រោះដ៏គ្រោះថ្នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់ UN នៅថ្ងៃទី១៤ ខែកក្កដា ទាក់ទងនឹងក្រុមប្រដាប់អាវុធហ៊ូធីនៅក្នុងប្រទេសយេម៉ែន ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Mike Waltz បានចោទប្រកាន់ប្រទេសចិនថាបានរំលោភលើការហាមឃាត់ការដឹកជញ្ជូនអាវុធរបស់អង្គការសហប្រជាជាតិ។ លោកបានមានប្រសាសន៍ថា ៖”ប្រទេសដូចជាអ៊ីរ៉ង់ ក៏ដូជាក្រុមហ៊ុនអាជីវកម្ម និងអង្គភាពមួយចំនួននៅក្នុងប្រទេសចិន បានរំលោភលើសេចក្តីសម្រេចលេខ ២២១៦ ដោយគ្មានការទទួលទោសទណ្ឌអ្វីនោះឡើយ។

សេចក្តីសម្រេចលេខ ២២១៦ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលបានអនុម័តនៅឆ្នាំ២០១៥ បានទាមទារឱ្យក្រុមហ៊ូធីបញ្ឈប់ជម្លោះ និងដកខ្លួនចេញពីទឹកដីដែលពួកគេកាន់កាប់នៅក្នុងប្រទេសយេម៉ែន។ សេចក្តីសម្រេចនេះក៏បានដាក់ទណ្ឌកម្មអាវុធលើក្រុមហ៊ូធី និងក្រុមប្រដាប់អាវុធសម្ព័ន្ធមិត្ត រួមជាមួយនឹងទណ្ឌកម្មបុគ្គលដូចជាការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរផងដែរ។

យ៉ាងណាមិញ ដើម្បីឆ្លើយតបទៅនឹងលោក Waltz ឯកអគ្គរដ្ឋទូតចិន លោក Sun Lei បានថ្លែងថា សហរដ្ឋអាមេរិកត្រូវតែទទួលខុសត្រូវដែលមិនអាចប្រកែកបាន ចំពោះស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសយេម៉ែន និងតំបន់សមុទ្រក្រហម។ លោកក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីបទរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាសន្តិសុខដើម្បីបញ្ចប់ជម្លោះ ដោយធ្វើឱ្យវិបត្តិនៅតំបន់ហ្គាហ្សាអូសបន្លាយ និងបង្កើនភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាទៀតផង។

មិនតែប៉ុណ្ណោះ លោក Sun បានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខ ខណៈពេលដែលការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់កំពុងដំណើរការ។ សកម្មភាពនេះបានរុញច្រានស្ថានភាពក្នុងតំបន់ឱ្យធ្លាក់ដល់កម្រិតគ្រោះថ្នាក់ជាថ្មីម្តងទៀត៕​