កម្ពុជា-កូរ៉េ បានរៀបចំពិធីប្រគល់-ទទួល “គម្រោងសាកល្បងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS) ផ្អែកលើទិន្នន័យចម្រុះ (BIG DATA) នៅកម្ពុជា ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដើម្បីបង្កើនសុវត្ថិភាពក្នុងទីក្រុង។

ការប្រកាសអនុវត្តន៍គម្រោងសាកល្បងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS) បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមាន លោក នឹម សុធា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនសាធារណរដ្ឋកូរ៉េ តំណាងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងក្រុមហ៊ុន សមាគម ព្រមទាំងមន្ត្រីបច្ចេកទេសពាក់ព័ន្ធប្រមាណជា៥០រូបផងដែរ។
គម្រោងនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីអបអរសាទរក្នុងកម្រិតបច្ចេកទេស ក្នុងការប្រគល់ទទួលសម្ភារៈ និងដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS) ផ្អែកលើទិន្នន័យចម្រុះ (BIG DATA) នៅកម្ពុជា។

ជុំវិញរឿងនេះ លោក នឹម សុធា បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលជានិច្ចជាកាលតែងតែផ្ដល់ជាជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់អនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនសាធារណរដ្ឋកូរ៉េ និងក្រសួងសាធារណការ និងដឹកជញ្ជូន ប្រទេសកម្ពុជា។

សូមជម្រាបដែរថា គម្រោង ITS នេះ គឺបានបង្កើតមជ្ឈមណ្ឌលទិន្នន័យ សម្រាប់ប្រតិបត្តិការ និងបានអនុវត្តសាកល្បងបំពាក់ឧបករណ៍តាមដានចរាចរណ៍១៩ទីតាំង ប្រកបដោយជោគជ័យ នៅតាមខ្សែផ្លូវមេសំខាន់ៗមួយចំនួន ក្នុងតំបន់ភូមិសាស្ត្រ រាជធានីភ្នំពេញ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងចរាចរណ៍ បង្កើនចល័តភាព និងសុវត្ថិភាពក្នុងទីក្រុង ព្រមទាំងបង្កើតប្រព័ន្ធផ្តល់ព័ត៌មានចរាចរណ៍ឆ្លាតវៃ ដែលអាចផ្តល់ទិន្នន័យបានត្រឹមត្រូវ និងទាន់ពេលវេលា ជូនអ្នកប្រើប្រាស់ផ្លូវ និងដើម្បីសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយការកកស្ទះ និងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕ អត្ថបទ៖ហ្សាលីន



