លោក ង៉ែត ជូ៖ ហេតុអ្វីបានជាយុវជនសម័យនេះត្រូវមានចំណេះដឹងហិរញ្ញវត្ថុប្រសើរជាងយុវជនសម័យមុន?

សង្គម​និង​សេដ្ឋកិច្ច

លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ និងជាវិនិយោគិនមួយរូបនៅកម្ពុជា បានរំលេចនូវហេតុផលដ៏សំខាន់ចំនួន ៤ចំណុច ដែលយុវជនសម័យនេះត្រូវតែដុសខាត់ឱ្យបានប្រសើរជាងយុវជនសម័យមុន ជុំវិញចំណេះដឹងខាងផ្នែកហិរញ្ញវត្ថុ។  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១) ការធ្វើការ និងការខិតខំសន្សំប្រាក់មិនគ្រប់គ្រាន់សំរាប់ការទ្រទ្រង់ជីវភាពអោយបានធូរធារនោះទេ

ជីវិតរស់នៅសម័យនេះគឺត្រូវការចំណាយសព្វបែបយ៉ាងដែលខុសពីសម័យមុន។ សម័យមុន អ្នកជនបទអាចរស់នៅពឹងផ្អែកលើធម្មជាតិ រកត្រី បរបាញ់សត្វ មិនចំណាយថ្លៃទឹក ថ្លៃភ្លើង។ល។ ដូច្នេះបើគ្រាន់តែធ្វើការ និងសន្សំប្រាក់មួយមុខគឺប្រៀបដូចជាមានដៃតែម្ខាងអញ្ចឹង។ មនុស្សត្រូវមានដៃម្ខាងទៀតគឺត្រូវចេះយកប្រាក់ដែលសន្សំបានទៅវិនិយោកដើម្បីបង្កើតចំណូលឬផលចំណេញបន្ថែម។ ការវិនិយោគនេះហើយដែលទាមទារអោយអ្នកមានចំណេះដឹងហិរញ្ញវត្ថុទូលំទូលាយព្រោះជម្រើសនៃការវិនិយោគកាន់តែមានភាពសំបូរបែប និងតែងមានហានិភ័យ។ ជម្រើសទាំងនោះរួមមានដូចជា ការវិនិយោគលើផ្សារហ៊ុន ការវិនិយោគលើអចលនទ្រព្យ ការវិនិយោគលើអាជីវកម្មបង្កើតថ្មី ការវិនិយោគលើក្រុមហ៊ុនដែលជាសហគ្រាសខ្នាតតូច និងមធ្យម។ល។

២) អតិផរណា និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក

ពិភពលោកបានឆ្លងកាត់ និងបន្តឆ្លងកាត់នូវភាពមិនប្រាកដប្រជាជាច្រើនដូចជាការបម្រែបម្រួលអាកាសធាតុ ការបំផ្លាញធនធានធម្មជាតិ ជំងឺរាតត្បាតសាកល សង្រ្គាម និងភាពតានតឹងនៃនយោបាយពិភពលោក។ល។ កត្តាទាំងនេះសុទ្ធតែបានគំរាមកំហែងដល់ការឡើងថ្លៃទំនិញ និងបង្កនូវភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចក្នុងពិភពលោក។ ការមានចំណេះដឹងហិរញ្ញវត្ថុអាចអោយអ្នកត្រៀមខ្លួន និងអាចប្រឈមនឹងបញ្ហាទាំងនេះបានល្អប្រសើរ។

៣) តំរូវការជីវិតរស់នៅបែបទាន់សម័យ និងសម្ភារនិយម

សម័យនេះមានសម្ភារសំបូរបែប អ្នកអាចគិតថាអ្នកត្រូវការសម្ភារទាំងនោះដើម្បីបំរើសេចក្តីត្រូវការ និងការរស់នៅរបស់អ្នក។ តាមពិតទៅអ្នកត្រូវចេះបែងចែកអោយដាច់នូវអ្វីដែលជាសេចក្តីត្រូវការចាំបាច់ និងការចង់បាន (needs and wants)។ ការចង់បានដែលមិនមានព្រំដែន ឬលើសពីលទ្ធភាពរបស់ខ្លួនគឺជាជំងឺរ៉ាំរ៉ៃតាមព្យាបាទ និងបំផ្លាញសុខុមាលភាពហិរញ្ញវត្ថុរបស់បុគ្គលដែលខ្វះចំណេះដឹង។ ពោលគឺមិនចេះពេញចិត្ត និងស្កប់ស្កល់ជាមួយអ្វីដែលខ្លួនមាន។

៤) តំរូវការនៃជីវិតជោគជ័យនៅពេលចូលនិវត្តន៍

ក្រៅពីការដឹកនាំគ្រួសារអោយបានល្អ ជារួមជីវិតមនុស្សម្នាក់ៗត្រូវការភាពជោគជ័យ៣ដំណាក់កាល។ ដំណាក់កាលជាសិស្សនិស្សិត អ្នកត្រូវការភាពជោគជ័យក្នុងការសិក្សា។ ដំណាក់កាលនៃជីវិតការងារ (ទោះជាបុគ្គលិកក្តី ជាម្ចាស់អាជីវកម្មក្តី ជាអ្នកវិនិយោគក្តី) អ្នកត្រូវការភាពជោគជ័យក្នុងការងារទាំងនោះ។ ដំណាស់កាលទី៣គឺជាដំណាក់កាលចុងក្រោយនៃជីវិតគឺការរស់នៅក្នុងជីវិតជានិវត្តន៍ជនប្រកបដោយអត្ថន័យ និងសុខភាពល្អ។ មនុស្សជាច្រើនមិនបានគិតដល់ និងត្រៀមខ្លួនសំរាប់ភាពជោគជ័យក្នុងដំណាក់កាលទី៣នេះទេបើទោះជាសំបូរទ្រព្យធនប៉ុណ្ណាក៏ដោយ។ អ្នកត្រូវមានចំណេះដឹងហិរញ្ញវត្ថុអាចប្រើធនធានដែលអ្នកមានដើម្បីបំរើជីវិតចុងក្រោយអោយមានន័យបំផុតដូចជាការវិនិយោគលើសហគ្រាសសង្គម ការធ្វើទានបរិច្ចាគ ការចំណាយពេលជួយកិច្ចការសង្គមនានា។ល។