កាលពីថ្ងៃទី២៧ ខែសីហាកន្លងទៅ សហរដ្ឋអាមេរិក បានចាប់ផ្តើមប្រមូលពន្ធលើទំនិញពីប្រទេសឥណ្ឌា ដោយនឹងត្រូវដំឡើងដល់ ៥០% ពីកម្រិតមុន ២៥%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ឥណ្ឌា ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទី៥ របស់ពិភពលោក ឥឡូវនេះ បានក្លាយជាមួយប្រទេសមួយក្នុងចំណោមប្រទេសដែឡជាប់អត្រាពន្ធគយខ្ពស់បំផុត នៅទូទាំងពិភពលោក។ កាលពីថ្ងៃទី៦ ខែសីហា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយដាក់ពន្ធបន្ថែម ២៥% លើការនាំចូលពីឥណ្ឌា ដោយសារតែការបន្តទិញចូលប្រេងរបស់រុស្ស៊ី។
យ៉ាងណាមិញ រដ្ឋាភិបាលទីក្រុងញូវដែលី បានផ្តល់សញ្ញាកាលពីដើមខែនេះថា ខ្លួននឹងសងសឹកប្រឆាំងទៅនឹងពន្ធនាំចូលរបស់សហរដ្ឋអាមេរិកនេះ។ ប៉ុន្តែទោះជាយ៉ាងណា ថ្មីៗនេះ ក្រសួងការបរទេសឥណ្ឌា បានត្អូញត្អែរថា ប្រទេសខ្លួន ត្រូវបានប្រព្រឹត្តដោយអយុត្តិធម៌ សម្រាប់ការទិញប្រេងពីរុស្ស៊ី នៅពេលដែលប្រទេសផ្សេងទៀត ក៏បានធ្វើដូចគ្នានេះ ប៉ុន្តែមិនរងពិន័យពន្ធនោះឡើយ។
ជាឧទាហរណ៍ ប្រទេសចិន ដែលជាអ្នកទិញប្រេងដ៏សំខាន់មួយទៀតរបស់រុស្ស៊ី បច្ចុប្បន្នកំពុងរងនូវអត្រាពន្ធត្រឹម ៣០% ប៉ុណ្ណោះ បើទោះបីជាលោក ត្រាំ បានព្រមានថាទីក្រុងប៉េកាំង នឹងទទួលរងនូវពន្ធដូចគ្នាទៅនឹងឥណ្ឌា ក្នុងពេលឆាប់ៗនេះ ក៏ដោយ៕

