ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ផ្ញើលិខិតអរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការស្នើរូបលោក សម្រាប់ពានរង្វាន់ ណូបែលសន្តិភាព ខណៈលោកក៏បានលើកឡើងថា អាមេរិកនឹងផ្តោតការយកចិត្តទុកដាក់លើការកសាងវិបុលភាពជាមួយកម្ពុជាផងដែរ។

កាលយប់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះលិខិតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលបានផ្ញើលិខិតថ្លែងអំណរគុណ ជូនសម្តេចដោយលិខិតរបស់លោក ដូណាល់ ត្រាំ មានខ្លឹមសារដូច្នេះថា៖«ខ្ញុំសូមអរគុណ ចំពោះលិខិតដ៏កក់ក្តៅរបស់ឯកឧត្តម (សម្តេចធិបតី ហ៊ុន ម៉ាណែត) និងជាពិសេសការស្នើរូបខ្ញុំ សម្រាប់ពានរង្វាន់ ណូបែលសន្តិភាព»។

លោក ដូណាល់ ត្រាំ បានបញ្ជាក់ទៀតថា៖« ខ្ញុំមានកិត្តិយសក្រៃលែង ដែលបានសន្ទនាជាមួយឯកឧត្តម ដើម្បីរួមចំណែកបញ្ចប់ជម្លោះប្រដាប់អាវុធ ជាមួយប្រទេសថៃ។ ប្រទេសកម្ពុជាមានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង និងសម្បូណ៌បែប។ ខ្ញុំជឿជាក់ថា ឯកឧត្តមជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់ សន្តិភាព»។
ជាថ្មីម្តងទៀត លោកប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា៖«ពិតជាមានមោទនភាព ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានបញ្ចប់នូវសោកនាដកម្មនៃជម្លោះប្រដាប់អាវុធ និងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។ ចាប់ពីពេលនេះតទៅ យើងអាចផ្តោតការយកចិត្តទុកដាក់ ជាមួយគ្នាលើការកសាងវិបុលភាព សម្រាប់ ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំងពីរ»៕ អត្ថបទ៖ហ្សាលីន


