រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

សេចក្តីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។

ដោយក្នុងនោះរួមមាន៖ ១-សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងសេវារថយន្តក្រុងអាកាសយានដ្ឋាន អន្តរជាតិតេជោ (Airport Express Bus)៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង ។ ២-សេវាដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្ត ត្រឡប់ចូលមករាជធានីភ្នំពេញវិញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៥០០គ្រឿង ដោយមានបែងចែកជាខ្សែរត់ធំៗ ចំនួន ៦គោលដៅ ព្រមទាំងបានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗតាមគោលដៅចេញដំណើរ។

ឆ្លៀតក្នុងឱកាសនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ ម្ចាស់អាជីវកម្ម និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ ផ្តល់កិច្ចសហការរក្សាតម្លៃឱ្យនៅដដែល ដោយពុំដំឡើងថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួល ដល់ការចំណាយ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕

