បង្ហាញ​មុខ​មាត់​​យីហោ​រថយន្ត​ថ្មី​មួយ​ទៀត ទើបនាំ​ចូល​ក្រោម​សម្ព័ន្ធ​ក្រុមហ៊ុន RMA

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន​ RMA ដែល​គេស្គាល់ជា​ក្រុមហ៊ុនធំមួយ​កំពុង​កាន់កាប់លើការ​នាំចូល​យី​​ហោ​រថយន្ត​ធំៗ​​មក​លក់​ក្នុង​ស្រុក​មាន Ford, Jaguar និង Land Rover ទើប​បង្ហាញ​មុខមាត់​​ម៉ាក​រថយន្ត​ថ្មី​មួយ​ក្រោម​សម្ព័ន្ធ​អាជីវកម្ម​របស់​ខ្លួន​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​យីហោ​រថយន្ត​ថ្មីប៉ុន្មានថ្ងៃ​មុន​នេះ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA (Cambodia) បាន​បញ្ជាក់​ថា នៅក្នុងឆ្នាំ២០២២ ក្រុមហ៊ុនបានសម្រេចនាំចូលផ្ដាច់មុខរថយន្ដម៉ាក CHANGAN ជា​ការ​បើក​ទីផ្សារ​ដំបូង​នៅ​ប្រទេសកម្ពុជា ដោយផ្ដល់រថយន្ដដែលមានភាពទំនើបស៊ីវិល័យ ជាមួយតម្លៃសមរម្យ។

ក្រុមហ៊ុន RMA (Cambodia) គឺជាក្រុមហ៊ុនមួយដែលឈានមុខគេលើការ​នាំចូលរថយន្ត​លំដាប់ពិភពលោក និងចែកចាយផ្ដាច់មុខនូវផលិតផលម៉ាកល្បីៗជាច្រើនរួមមាន៖ រថយន្ដ Ford រថយន្ដ Jaguar និង Land Rover គ្រឿងចក្រកសិកម្មត្រាក់ទ័រម៉ាក John Deere រថយន្ដដឹកទំនិញម៉ាក Fuso គ្រឿងចក្រឧស្សាហកម្មម៉ាក JCB រថយន្ដនិងឧបករណ៍សម្អាតម៉ាក Hako, Power Boss, Minuteman Forklift លើកដាក់ទំនិញម៉ាក TCM និងម៉ូតូកង់បីម៉ាក Piaggio។

បើ​តាមប្រវត្តិ​បានឲ្យ​ដឹង​ថា ក្រុមហ៊ុន Changan Automobile មានវត្តមានតាំងពីឆ្នាំ១៩៥៩ មកម្ល៉េះ ដែលមានទីស្នាក់ការកណ្តាលនៅក្នុងខេត្ត Chongqing ប្រទេសចិន។ នៅឆ្នាំ ១៩៨៤ Changan Automobile ចាប់ផ្តើមផលិតរថយន្តធុនតូច ដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាលចិន។ CHANGAN មានលក់រថយន្តជាច្រើនប្រភេទ ដូចជា រថយន្តដឹកអ្នកដំណើរ, រថយន្តពាណិជ្ជកម្ម, រថយន្ត SUV និងរថយន្តអគ្គិសនីជាដើម។ CHANGAN មានវិស្វករច្រើនជាង ១០០០០នាក់ និងមានអ្នកបច្ចេកទេសមកពី ២៤ប្រទេសជុំវិញពិភពលោក ហើយយើងក៏មានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍដែលមានទីតាំងនៅ ដេទ្រយ (អាមេរិច) ប័រមីងហេម (អង់គ្លេស) ម៉ូនីច (អាឡឺម៉ង់) ទូរីន (អីតាលី) យូកូហាម៉ា (ជប៉ុន) និងបីទីតាំងទៀតនៅក្នុងប្រទេសចិន។

បច្ចុប្បន្ននេះរថយន្ត CHANGAN បានកំពុងវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានច្រើនជាង ៤០ ប្រទេសដែលបានទទួលសិទ្ធលក់ដូចជាប្រទេសរុស្ស៊ី, សហភាពអារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, អេស៊ីប, កាតា, អាហ្សង់ទីន, កូឡុំប៊ី, ឈីលី, នីហ្សេរីយ៉ា, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន, និង ប៉ាគីស្ថានផងដែរ។

ដោយឡែក​ក្នុង​ឱកាស​បញ្ជាក់​​ពី​ការ​ផ្តាច់មុខ​លើ​ការ​នាំ​យីហោ​រថយន្ត​​ CHANGAN ក្រុមហ៊ុន​ RMA បាន​បង្ហាញ​​រថយន្ដស៊េរីទំនើប​ពីរ​ម៉ូដែល​គឺ​ CS35 PLUS និង CS75 PLUS សម្រាប់​ជា​ការ​បើក​ទីផ្សារ​ដំបូង​នៅ​​កម្ពុជា៕