ប្រតិភូកម្ពុជា ចូលរួមសន្និសីទឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី២៤ (24th ASEAN-Japan Senior Transport Officials Leaders Conference) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តបតាមការអញ្ជើញរបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

លោក ឈៀង ពេជ្រ អនុរដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនកម្ពុជា (STOM) បានអញ្ជើញចូលរួម សន្និសីទឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី២៤។សន្និសីទនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំឧត្តមមន្ត្រីដឹកជញ្ជូននៃបណ្ដាប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងប្រទេសជប៉ុន ដោយមានប្រទេសជប៉ុន និងប្រទេសហ្វីលីពីន ជាសហប្រធានកិច្ចប្រជុំ។
សូមជម្រាបដែរថា សន្និសីទខាងលើ គឺបានផ្ដោតលើការពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តគម្រោង និងសកម្មភាពក្រោម ភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន (ASEAN-Japan Transport Partnership: AJTP) រួមទាំងការកំណត់ទិសដៅ និងផែនការសកម្មភាពសម្រាប់ឆមាសទី២ ឆ្នាំ២០២៦។ ជាមួយគ្នានេះ អសន្និសីទនេះដែរ ក៏បានពិនិត្យលើសមិទ្ធផលគម្រោងចំនួន ៤ និងគំនិតផ្តួចផ្តើមថ្មីចំនួន ១ ដែលស្នើឡើងដោយប្រទេសជប៉ុន សម្រាប់ដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី២៤ (24th ATM+Japan) ដើម្បីអនុម័តនាពេលខាងមុខ៕ អត្ថបទ៖ហ្សាលីន



