ក្រុមហ៊ុនចិនថា កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងប្តេជ្ញាជំរុញវិនិយោគបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

ប្រធានក្រុមហ៊ុន China Machinery Engineering Corporation Group (CMEC)ថា កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងបានប្តេជ្ញាជំរុញការវិនិយោគបន្ថែមទៀតនៅកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមជំនួបពិភាក្សារវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Fang Yanshui ប្រធានក្រុមហ៊ុន(CMEC) កាលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ លោកប្រធានក្រុមហ៊ុន បញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលកត្តានេះ​គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ធ្វើឱ្យក្រុមហ៊ុនមានភាពកក់ក្ដៅ និងទំនុកចិត្តខ្ពស់ក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។ លោកបានសម្ដែងនូវភាពរីករាយ ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ដើម្បីធានាបាននូវសន្តិសុខ និងឯករាជ្យភាពផ្នែកថាមពលរបស់កម្ពុជា​នាពេលអនាគត។

ជាការឆ្លើយតប សម្ដេចធិបតី ពេញចិត្តចំពោះកិច្ចសហការរវាងក្រុមហ៊ុន ជាមួយដៃគូក្នុងស្រុក​ ក្នុងការវិនិយោគលើវិស័យថាមពល LNG នេះ។ សម្ដេចថា វិស័យថាមពល​ ជាវិស័យគន្លឹះដ៏មានសារៈសំខាន់ ហើយការធានាឱ្យបាននូវសន្តិសុខថាមពល​ ជាកិច្ចការចាំបាច់ដែលមិនអាចខ្វះបាន។ សម្ដេចថា រដ្ឋាភិបាលតែងគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ដល់ភាពជោគជ័យរបស់ក្រុមហ៊ុនវិនិយោគទាំងអស់នៅកម្ពុជា ព្រមទាំងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគលើវិស័យសក្ដានុពលផ្សេងៗទៀតនៅកម្ពុជា នាពេលខាងមុខ។

សូមជម្រាបដែរថា ក្រុមហ៊ុន CMEC ​បានចាប់ផ្ដើមបោះទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០០៨ ដោយផ្ដោតសំខាន់លើវិស័យថាមពល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងស្រុក ក្នុងការសាងសង់រោងចក្រថាមពលដើរដោយឧស្ម័នធម្មជាតិរាវ (LNG) នៅខេត្តកោះកុង។ បន្ថែមលើនេះ ក្រុមហ៊ុនក៏មានបំណងក្នុងការស្វែងរកកាលានុវត្តភាព ដើម្បីពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យថាមពល និងវិស័យកសិកម្ម ព្រមទាំងប្តេជ្ញាកៀរគរក្រុមហ៊ុនចិននានាឱ្យមកស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនានា នៅជាផងដែរ៕អត្ថបទ៖ហ្សាលីន