វិនិយោគិនចិន ចង់បោះទុនវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

វិនិយោគិន ដែលមកពីក្រុមហ៊ុនចិន Yuanda Group បង្ហាញចំណាប់អារម្មណ៍ចង់បោះទុនវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោកលោក Zheng Mingzhou នាយកក្រុមហ៊ុន Yuanda Group ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោកនាយកក្រុមហ៊ុន បានបញ្ជាក់ថា ដោយសម្លឹងឃើញពីសក្ដានុពលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា, ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា លើវិស័យអប់រំ, កសិកម្ម និងបច្ចេកវិទ្យាឌីជីថល។

ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា។ សម្ដេចធិបតីថា វិស័យទាំង៣នេះ ដែលរួមមាន៖ វិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យា ជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់។សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរក និងចាប់យកឱកាសវិនិយោគជាក់ស្តែងនៅកម្ពុជា។

សូមជម្រាបថា ក្រុមហ៊ុន Yuanda Group មានភាពជាដៃគូរយៈពេលវែងជាមួយភ្នាក់ងាររាជរដ្ឋាភិបាល,​ សហគ្រាសរដ្ឋ ក៏ដូចជាបណ្ដាសាកលវិទ្យាល័យនានា ទាំងនៅក្នុងប្រទេសចិន និងនៅក្រៅប្រទេស។ បច្ចុប្បន្ន, ក្រុមហ៊ុនកំពុងផ្ដោតការយកចិត្តទុកដាក់លើការវិនិយោគក្នុងវិស័យសំខាន់ៗ រួមមាន៖វិស័យអប់រំ,កសិកម្ម, កម្មន្តសាល និងវិស័យបច្ចេកវិទ្យាឌីជីថល៕អត្ថបទ៖ហ្សាលីន