វិនិយោគិន ដែលមកពីក្រុមហ៊ុនចិន Yuanda Group បង្ហាញចំណាប់អារម្មណ៍ចង់បោះទុនវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោកលោក Zheng Mingzhou នាយកក្រុមហ៊ុន Yuanda Group ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ លោកនាយកក្រុមហ៊ុន បានបញ្ជាក់ថា ដោយសម្លឹងឃើញពីសក្ដានុពលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា, ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា លើវិស័យអប់រំ, កសិកម្ម និងបច្ចេកវិទ្យាឌីជីថល។

ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា។ សម្ដេចធិបតីថា វិស័យទាំង៣នេះ ដែលរួមមាន៖ វិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យា ជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់។សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរក និងចាប់យកឱកាសវិនិយោគជាក់ស្តែងនៅកម្ពុជា។
សូមជម្រាបថា ក្រុមហ៊ុន Yuanda Group មានភាពជាដៃគូរយៈពេលវែងជាមួយភ្នាក់ងាររាជរដ្ឋាភិបាល, សហគ្រាសរដ្ឋ ក៏ដូចជាបណ្ដាសាកលវិទ្យាល័យនានា ទាំងនៅក្នុងប្រទេសចិន និងនៅក្រៅប្រទេស។ បច្ចុប្បន្ន, ក្រុមហ៊ុនកំពុងផ្ដោតការយកចិត្តទុកដាក់លើការវិនិយោគក្នុងវិស័យសំខាន់ៗ រួមមាន៖វិស័យអប់រំ,កសិកម្ម, កម្មន្តសាល និងវិស័យបច្ចេកវិទ្យាឌីជីថល៕អត្ថបទ៖ហ្សាលីន


