ក្រុមហ៊ុនយក្សតៃវ៉ាន់ TSMC ប្រកាសវិនិយោគលុយ ១០០ពាន់លានដុល្លារបន្ថែម នៅសហរដ្ឋអាមេរិក

អន្តរជាតិ

ក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោក TSMC ថ្មីៗនេះ បានប្រកាសថាខ្លួននឹងបង្កើនការវិនិយោគ នៅក្នុងទឹកដីសហរដ្ឋអាមេរិក ១០០ពាន់លានដុល្លារបន្ថែមទៀត ដែលធ្វើទំហំនៃការវិនិយោគសរុបដែលបានគ្រោងទុករបស់ខ្លួននៅទីនោះកើនឡើងដល់ ២៦៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី១៦ ខែកក្កដា ក្រុមហ៊ុនខ្នាតយក្សរបស់តៃវ៉ាន់ TSMC បានប្រកាសថាខ្លួននឹងវិនិយោគបន្ថែម ១០០ពាន់លានដុល្លារ នៅរដ្ឋអារីហ្សូណា ពោលគឺបន្ទាប់ពីមានរបាយការណ៍ពីការកើនឡើងនៃប្រាក់ចំណេញបំបែកកំណត់ត្រានៅក្នុងត្រីមាសទីពីរ ដោយសារតម្រូវការសម្រាប់ខ្ពស់ក្នុងវិស័យ AI។

យ៉ាងណាមិញ ជុំវិញទំហំទឹកប្រាក់នៃការវិនិយោគនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបបន្ថែម នៅរដ្ឋអារីហ្សូណា ដែលធ្វើឱ្យការវិនិយោគសរុបរបស់ TSMC នៅសហរដ្ឋអាមេរិកកើនឡើងដល់ ២៦៥ពាន់លានដុល្លារ។

គួរជម្រាបជូនថា កាលពីខែមីនា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយកប្រតិបត្តិក្រុមហ៊ុន TSMC លោក CC Wei បានប្រកាសថា ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលនេះ មានគម្រោងចំណាយ ១០០ពាន់លានដុល្លារដើម្បីសាងសង់រោងចក្រចំនួនប្រាំនៅសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ដោយឡែក ក្នុងខែមេសា ឆ្នាំ២០២៤ កន្លងទៅ ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់មួយនេះ ក៏បានប្រកាសផងដែរថាខ្លួននឹងបង្កើនការវិនិយោគ នៅសហរដ្ឋអាមេរិកបន្ថែម ២៥ពាន់លានដុល្លារ ដែលធ្វើឱ្យចំនួនវិនិយោគសរុបនៅពេលនោះ កើនឡើងដល់ ៦៥ពាន់លានដុល្លារ៕