អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានធ្វើដំណើរភ្លាមៗទៅសួរនាំអ្នកបើកម៉ូតូកង់បី វិរៈ ប៊ុនថាំ សាខាព្រែកអញ្ចាញ ដែលបានយកសំរាមទៅបោះចោលតាមដងផ្លូវ បន្ទាប់ពីលោកបានឃើញវីដេអូឃ្លីបបង្ហោះដោយ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នៅព្រលប់ថ្ងៃទី១៧ ខែកក្កដា បានបង្ហោះវីដេអូឃ្លីបមួយ ករណីអ្នកបើកម៉ូតូកង់បី បានយកសំរាមទៅបោះចោលតាមដងផ្លូវ ដោយភ្ជាប់ជាមួយសារបែបនេះថា៖ “អាចាស់ មិនទាន់ចប់ អាថ្មីបន្ទាប់មកដល់ ប្រឹងសម្អាតទៅយើង។ សូមចូលខ្លួនមកបង់ផាកពិន័យ បន្តបន្ទាប់មក សាលាស្រុកមុខកំពូល រង់ចាំស្វាគមន៍”។
យ៉ាងណាក្តី ក្រោយឃើញវីដេអូនេះ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ក្នុងនាមថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន វិរៈ ប៊ុនថាំ មិនបានបង្អង់យូរនោះទេ ពោលគឺអ្នកឧកញ៉ាបានធ្វើដំណើរចុះទៅសួរនាំផ្ទាល់ភ្លាមៗតែម្តង។ អ្នកឧកញ៉ា បណ្ឌិត ក៏បានបង្ហោះសារសូមអភ័យទោសបែបនេះថា៖ “ជាដំបូងខ្ញុំបាទសូមអភ័យទោស ចំពោះឯកឧត្តម គួច ចំរើន លើករណីអ្នកបើកម៉ូតូកង់បីដែលបានយកសំរាមទៅបោះចោលតាមដងផ្លូវ។
ភ្លាមៗក្រោយបានឃើញវីដេអូដែលបានបង្លោះក្នុងផេក ឯកឧត្តម គួច ចំរើន ខ្ញុំបាទបានធ្វើដំណើរភ្លាមទាំងយប់ទៅកាន់សាខាព្រែកអញ្ចាញ ដើម្បីសួរនាំអ្នកបើកបរ និងប្រធានសាខាពីបញ្ហាដែលបានកើតមានឡើង ហើយបានណែនាំឱ្យគាត់ទៅទទួលការផាកពិន័យតាមផ្លូវច្បាប់ និងសន្យាថានឹងមិនមានករណីនេះកើតឡើងទៀតនោះទេ។
សូមជំរាបជូនសាធារណ:ជនទាំងអស់ថា ទង្វើរបស់គាត់ធ្វើមិនមានការចង្អុលបង្ហាញពីក្រុមហ៊ុននោះទេ គែគាត់ធ្វើដោយខ្លួនឯងតែប៉ុណ្ណោះ។ សំរាប់ខ្ញុំដែលតែងតែស្រលាញ់បរិស្ថានស្អាត ហើយបានចំណាយលុយរាប់សែនដុល្លារក្នុងការជួយសម្អាតបរិស្ថានជាច្រើនកន្លែងទូទាំងប្រទេស ពេលឃើញទង្វើដ៏ឆោតល្ងង់ ស្អប់ខ្ពើមរបស់របស់គាត់ ខ្ញុំឃើញហើយពិតជាញ័រសាច់តែម្តង ងើបពីគេងហើយហោះទៅរកគាត់តែម្តង”។
ជាថ្មីម្តងទៀត ក្នុងនាមក្រុមហ៊ុនវិរៈ ប៊ុនថាំ អេសប្រេស (VET Express) ក្រុមហ៊ុនសូមសម្តែងនូវការសោកស្តាយ និងសូមអភ័យទោសដោយស្មោះចំពោះ ហេតុការណ៍ដែលបានកើតឡើង ផលប៉ះពាល់ និងបង្កជាការរំខានដល់សាធារៈណជន។
ក្រុមការងារ VET Express បានឃើញ និងទទួលដំណឹងពីករណីមួយនេះ ហើយថ្នាក់ដឹកនាំក្រុមហ៊ុន បានចុះពិនិត្យដោយផ្ទាល់ និងចាត់វិធានការដោះស្រាយជាបន្ទាន់។ ក្រុមហ៊ុនសូមទទួលយកមតិយោបល់ទាំងអស់ដោយការគោរព ហើយនឹងពង្រឹងការគ្រប់គ្រងឱ្យបានកាន់តែល្អប្រសើរ ដើម្បីបង្ការមិនឱ្យបញ្ហាបែបនេះកើតឡើងម្ដងទៀតនោះទេ៕


