ភ្លាមៗក្រោយឃើញវីដេអូ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានធ្វើដំណើរទាំងយប់ ចុះទៅសួរនាំអ្នកបើកម៉ូតូកង់បី ដែលបានយកសំរាមទៅបោះចោលតាមដងផ្លូវ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បាន​ធ្វើដំណើរភ្លាមៗទៅសួរនាំអ្នកបើកម៉ូតូកង់បី វិរៈ ប៊ុនថាំ សាខាព្រែកអញ្ចាញ ដែលបានយកសំរាមទៅ​បោះ​ចោល​តាមដងផ្លូវ បន្ទាប់ពីលោកបានឃើញវីដេអូឃ្លីបបង្ហោះដោយ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នៅព្រលប់ថ្ងៃទី១៧ ខែកក្កដា បានបង្ហោះវីដេអូឃ្លីបមួយ ករណី​អ្នកបើក​ម៉ូតូកង់បី បានយកសំរាមទៅបោះចោលតាមដងផ្លូវ ដោយភ្ជាប់ជាមួយសារបែបនេះថា៖ “អាចាស់​ មិនទាន់​ចប់​ អាថ្មីបន្ទាប់មកដល់​ ប្រឹងសម្អាតទៅយើង​។ សូមចូលខ្លួនមកបង់ផាកពិន័យ​ បន្តបន្ទាប់មក​ សាលាស្រុក​មុខកំពូល​ រង់ចាំ​ស្វាគមន៍​”។

យ៉ាងណាក្តី ក្រោយឃើញវីដេអូនេះ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ក្នុងនាមថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន វិរៈ ប៊ុនថាំ មិន​បានបង្អង់យូរនោះទេ ពោលគឺអ្នកឧកញ៉ាបានធ្វើដំណើរចុះទៅសួរនាំផ្ទាល់ភ្លាមៗតែម្តង។ អ្នកឧកញ៉ា បណ្ឌិត ក៏បានបង្ហោះសារសូមអភ័យទោសបែបនេះថា៖ “ជាដំបូងខ្ញុំបាទសូមអភ័យទោស ចំពោះឯកឧត្តម គួច ចំរើន លើករណីអ្នកបើកម៉ូតូកង់បីដែលបានយកសំរាមទៅបោះចោលតាមដងផ្លូវ។

ភ្លាមៗក្រោយបានឃើញវីដេអូដែលបានបង្លោះក្នុងផេក ឯកឧត្តម គួច ចំរើន ខ្ញុំបាទបានធ្វើដំណើរភ្លាមទាំងយប់​ទៅកាន់សាខាព្រែកអញ្ចាញ ដើម្បីសួរនាំអ្នកបើកបរ និងប្រធានសាខាពីបញ្ហាដែលបានកើតមានឡើង ហើយបាន​ណែនាំឱ្យគាត់ទៅទទួលការផាកពិន័យតាមផ្លូវច្បាប់ និងសន្យាថានឹងមិនមានករណីនេះកើតឡើងទៀតនោះទេ។

សូមជំរាបជូនសាធារណ:ជនទាំងអស់ថា ទង្វើរបស់គាត់ធ្វើមិនមានការចង្អុលបង្ហាញពីក្រុមហ៊ុននោះទេ គែគាត់ធ្វើ​ដោយខ្លួនឯងតែប៉ុណ្ណោះ។ សំរាប់ខ្ញុំដែលតែងតែស្រលាញ់បរិស្ថានស្អាត ហើយបានចំណាយលុយរាប់សែន​ដុល្លារ​ក្នុងការជួយសម្អាតបរិស្ថានជាច្រើនកន្លែងទូទាំងប្រទេស ពេលឃើញទង្វើដ៏ឆោតល្ងង់ ស្អប់ខ្ពើមរបស់របស់គាត់ ខ្ញុំឃើញហើយពិតជាញ័រសាច់តែម្តង ងើបពីគេងហើយហោះទៅរកគាត់តែម្តង”។

ជាថ្មីម្តងទៀត ក្នុងនាមក្រុមហ៊ុនវិរៈ ប៊ុនថាំ អេសប្រេស (VET Express) ក្រុមហ៊ុនសូមសម្តែងនូវការសោកស្តាយ និងសូមអភ័យទោសដោយស្មោះចំពោះ ហេតុការណ៍ដែលបានកើតឡើង ផលប៉ះពាល់ និងបង្កជាការរំខានដល់​សាធារៈណជន។

ក្រុមការងារ VET Express បានឃើញ និងទទួលដំណឹងពីករណីមួយនេះ ហើយថ្នាក់ដឹកនាំក្រុមហ៊ុន បានចុះ​ពិនិត្យដោយផ្ទាល់ និងចាត់វិធានការដោះស្រាយជាបន្ទាន់។ ក្រុមហ៊ុនសូមទទួលយកមតិយោបល់ទាំងអស់ដោយការគោរព ហើយនឹងពង្រឹងការគ្រប់គ្រងឱ្យបានកាន់តែល្អ​ប្រសើរ ដើម្បីបង្ការមិនឱ្យបញ្ហាបែបនេះកើតឡើងម្ដងទៀតនោះទេ៕