លោក ត្រាំ បំផុសគំនិតថាសហរដ្ឋអាមេរិកអាចនឹងបន្តធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួត World Cup តែម្នាក់ឯង

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការជឿជាក់ថាសហរដ្ឋអាមេរិក គួរតែបន្តធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ FIFA World Cup ប៉ុន្តែមិនចាំបាច់ធ្វើរួមគ្នាជាមួយប្រទេសកាណាដា និងម៉ិកស៊ិកនោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានលើកឡើងបែបនេះ រួមជាមួយប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino នៅក្នុងព្រឹត្តិការណ៍មួយនៅ Trump Tower ក្នុងទីក្រុងញូវយ៉ក ដោយនិយាយបន្ថែមទៀតថា ៖”អ្វីដែលយើងគួរធ្វើគឺជ្រើសរើសសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះម្តងទៀត លើកនេះដោយគ្មានប្រទេសម៉ិកស៊ិក និងកាណាដា”។

គួរឲ្យដឹងថា FIFA ពីមុនបានជ្រើសរើសប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុកធ្វើជាសហម្ចាស់នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០៣០ ហើយក៏បានគ្រោងនឹងរៀបចំការប្រកួតបើកឆាកនៃព្រឹត្តិការណ៍នេះ នៅក្នុងប្រទេសបីផ្សេងទៀត រួមមានអាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ ដើម្បីអបអរសាទរខួបលើកទី១០០ នៃព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោកនេះ ផងដែរ។ ហើយបន្ទាប់ពីនោះ ប្រទេសអារ៉ាប៊ីសាអូឌីតនឹងត្រូវធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០៣៤។

យ៉ាងណាមិញ មិនទាន់មានប្រទេសណាមួយទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០៣៨ នៅឡើយទេ។ ហើយក្រោយមក លោក ត្រាំ បាននិយាយថា លោក Infantino ធ្លាប់បានលើកឡើងពីគំនិតដែលសហរដ្ឋអាមេរិក និងចិន គួរតែធ្វើជាម្ចាស់ផ្ទះរួមគ្នាសម្រាប់ព្រឹត្តិការណ៍ World Cup នាពេលអនាគតផងដែរ។

ជម្រាបជូនថា សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក បានធ្វើជាម្ចាស់ផ្ទះរួមគ្នាសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ដែលជាការប្រកួតដំបូងដែលបានពង្រីកពី ៣២ ទៅ ៤៨ ក្រុម ដោយមានការប្រកួតសរុបចំនួន ១០៤ ប្រកួត ដែលជំនួសឲ្យ ៦៤ ប្រកួតកាលពីមុន៕​