នៅក្នុងកាយវិការដ៏ប្រពៃ និងស្តែងចេញពីទឹកចិត្តដឹងគុណយ៉ាងជ្រាលជ្រៅ ឧកញ៉ា ណូ សុភា (សុភា បុត្រឈរ – Sophea Bottcher) បានប្រគល់ថវិកាសរុបចំនួន ១៨០,០០០ ដុល្លារអាមេរិក (មួយសែនប្រាំបីម៉ឺនដុល្លារអាមេរិក) ជូនដល់លោកគ្រូ អ្នកគ្រូ ដែលធ្លាប់បានអប់រំទូន្មាន និងផ្តល់ចំណេះដឹងដល់លោកស្រីឧកញ៉ាក្នុងឆាកជីវិត។


នៅក្នុងពិធីប្រគល់ប្រកបដោយសេចក្តីសោមនស្សរីករាយនេះ លោកគ្រូ អ្នកគ្រូទាំង ១៨ រូប ទទួលបានថវិកាឧបត្ថម្ភចំនួន ១០,០០០ ដុល្លារអាមេរិក (មួយម៉ឺនដុល្លារអាមេរិក) ក្នុងម្នាក់ៗ ដែលជាកាដូលើកទឹកចិត្ត និងជានិមិត្តរូបនៃសេចក្ដីគោរព សេចក្ដីស្រឡាញ់ ក៏ដូចជាការដឹងគុណដ៏ស្មោះស្ម័គ្រចេញពីបេះដូងរបស់សិស្សម្នាក់ចំពោះគ្រូ។
ឧកញ៉ា ណូ សុភា បានលើកឡើងថា «អំណោយនេះ មិនមែនជាការតបស្នងគុណដ៏ធំធេងរបស់លោកគ្រូ អ្នកគ្រូបានគ្រប់គ្រាន់នោះទេ ព្រោះគ្មានទ្រព្យសម្បត្តិ ឬថវិកាចំនួនណាមួយ អាចប្រៀបធៀបនឹងការលះបង់ ការខិតខំប្រឹងប្រែង ការអប់រំ និងសេចក្ដីស្រឡាញ់ដែលលោកគ្រូ អ្នកគ្រូបានផ្តល់ឱ្យសិស្សនោះឡើយ។ ប៉ុន្តែខ្ញុំសង្ឃឹមថា អំណោយដ៏តូចមួយនេះ អាចជាសក្ខីភាពនៃការគោរព ការដឹងគុណ និងទឹកចិត្តដ៏ស្មោះស្ម័គ្ររបស់សិស្សម្នាក់ ដែលមិនធ្លាប់ភ្លេចគុណលោកគ្រូ អ្នកគ្រូជារៀងរហូត។»
ឧកញ៉ា ណូ សុភា បន្ថែមថា «សូមអរគុណពីបាតបេះដូង ចំពោះការលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងការខិតខំបង្រៀន អប់រំ និងណែនាំខ្ញុំឱ្យក្លាយជាមនុស្សល្អ និងមានថ្ងៃនេះ។ មេរៀន គុណធម៌ និងតម្លៃនៃជីវិតដែលលោកគ្រូ អ្នកគ្រូបានបង្រៀន នឹងស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំជារៀងរហូត។»
ជាមួយគ្នានោះដែរ លោកស្រីឧកញ៉ាក៏បានបួងសួង និងជូនពរដល់លោកគ្រូ អ្នកគ្រូទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ ពោរពេញដោយសេចក្ដីសុខ សុភមង្គល និងសេចក្ដីចម្រើនជានិច្ច ដើម្បីបន្តធ្វើជាពន្លឺបំភ្លឺជីវិតសិស្សជំនាន់ក្រោយៗជាបន្តទៀត៕



