អ្នកឧកញ៉ា ម៉ុង ឫទ្ធី ត្រូវការផ្ទៃដី ៣ម៉ឺនហិកតា សម្រាប់ដាំដូងប្រេង និងបង្កើតរោងចក្រផលិតប្រេងឆានៅកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនរបស់លោក​ត្រូវការដីសរុប​ប្រមាណ ៣០,០០០ហិកតា (៣ម៉ឺនហិកតា) សម្រាប់ដាំដូងប្រេង និងបង្កើតរោងចក្រផលិតប្រេងឆា នៅប្រទេសកម្ពុជា ខណៈដែលបច្ចុប្បន្ន​ក្រុមហ៊ុនរបស់លោកមានដីដាំដូងប្រេងត្រឹម ១៦,០០០ហិកតាប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថ្លែងរបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្លឹបអ្នកកាសែតកម្ពុជា នៅក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី ក្រុមហ៊ុន វិនិយោគទុនដំណាំដូងប្រេង និងតំបន់អភិវឌ្ឍន៍ ឧកញ៉ា ម៉ុង (កែវផុស) ដែលស្ថិតនៅខេត្ដព្រះសីហនុ។

អ្នកឧកញ៉ាអគ្គនាយក បានគូសបញ្ជាក់បែបនេះថា៖ “ដើម្បីបង្កើតរោងចក្រផលិតប្រេងឆាមួយ យើងមានគោលដៅច្បាស់លាស់ណាស់។ មុននឹងដាំដូបប្រេងនេះ យើងបានសរសេរនៅក្នុងផែនការអាជីវកម្មថា ចាប់តាំងពីពេលដាំ រហូតដល់ការបង្កើតជារោងចក្រប្រេងឆានៅពេលណា ប៉ុន្តែវាមិនបានទៅតាមគោលបំណង។ យើងត្រូវការដីចំនួន ៣០,០០០ហិកតា ដើម្បីដាំដូងប្រេងឱ្យចេញជាប្រេងឆៅ យកមកផលិតជាប្រេងឆា។ បើមិនបានដី ៣០,០០០ហិកតាទេ នោះយើងនឹងត្រូវនាំចូលប្រេងឆៅបន្ថែមពីបរទេស ដើម្បីមកផលិតប្រេងឆា។ ដូច្នេះយើងមិនមានសង្ឃឹមថា មានដីដាំដូងប្រេងឱ្យបានដល់ ៣០,០០០ហិកតា​នោះទេ។ សព្វថ្ងៃនេះ យើងទើបតែបាន ១៦,០០០ហិកតាប៉ុណ្ណោះ ហើយចំនួននេះយើងដាំគ្មានសល់ដីនោះទេ គឺដាំទាល់​តែ​អស់ដីតែម្តង។ នរណានិយាយថា មានផ្ទៃដីទំនេរច្រើន ខ្ញុំក៏មិនដឹងដែរ ប៉ុន្តែសម្រាប់ក្រុមហ៊ុនខ្ញុំ មិនមាន​ដីដាំឱ្យគ្រប់ ៣០,០០០ហិកតានោះទេ”។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ឱ្យបានដឹងផងដែរថា សម្រាប់ផ្ទៃដីដែលអាចដាំដូងប្រេងបាន មាននៅបណ្តាខេត្ត​ជាប់​សមុទ្រមួយចំនួនដូចជា ខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង ព្រោះដូងប្រេងត្រូវការទឹកភ្លៀងលើសពី ២,០០០មីលីម៉ែត្រ បានវាឱ្យផលអាចទទួលយកបាន។ ចំពោះនៅខេត្តរតនគិរី និងមណ្ឌលគិរី ដែលមានកម្រិតទឹកភ្លៀងត្រឹម ១,០០០មីលីម៉ែត្រ ទៅ ១,២០០មីលីម៉ែត្រ មិនអំណោយផលក្នុងការដាំដូងប្រេងនោះទេ៕