(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបលោក Kim Seong-su ប្រធានសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOCHAM) ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសភាពាណិជ្ជកម្មកម្ពុជា (CCC) និងសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOCHAM)។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីជំរុញការតភ្ជាប់ធុរកិច្ចរវាងក្រុមហ៊ុនកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងបានឯកភាពបង្កើតយន្តការសហប្រតិបត្តិការប្រកបដោយនិរន្តរភាព សំដៅគាំទ្រដល់ការអភិវឌ្ឍវិស័យឯកជននៃប្រទេសទាំងពីរ។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពនឹងចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ (MOU) នាពេលខាងមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យអាទិភាព រួមមាន ការវិនិយោគ ពាណិជ្ជកម្ម ការគាំទ្រធុរកិច្ច ការផ្លាស់ប្តូរព័ត៌មាន និងការជំរុញឱកាសវិនិយោគរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ សភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOCHAM) បានបញ្ជាក់ថានឹងចូលរួមយ៉ាងសកម្មក្នុង ក្រុមការងារទាំង ១៦ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (Government-Private Sector Forum: G-PSF) ដែលស្ថិតក្រោមការសម្របសម្រួលរបស់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីរួមចំណែកពិភាក្សាលើគោលនយោបាយ និងរបៀបវារៈសេដ្ឋកិច្ចសំខាន់ៗ រួមមាន ការវិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស។ ការចូលរួមនេះនឹងជួយឱ្យសំឡេង និងទស្សនៈរបស់វិនិយោគិន និងសហគ្រាសកូរ៉េ ត្រូវបានឆ្លុះបញ្ចាំងកាន់តែមានប្រសិទ្ធភាព និងរួមចំណែកក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។
ជំនួបនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាពរបស់កម្ពុជា។





