លោកស្រី Aleksandra Zittle ភារធារីថ្មី នៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីពីការគាំទ្រលើគោលជំហរដ៏ច្បាស់លាស់របស់កម្ពុជា ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិនិងយន្តការច្បាប់ទ្វេភាគី ដើម្បីប្រើប្រាស់ច្បាប់អន្តរជាតិលើកាដោះស្រាយវិវាទព្រំដែនជាមួយថៃ។ ការបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) កាលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ លោកស្រីភារធារី បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលមានការរីកចម្រើននិងមានភាពខុសប្លែកគ្នាគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងអំឡុងពេលដែលលោកស្រីបានបំពេញការងារកាលពីអាណត្តិមុន។ លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពជាតិ និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចឱ្យមានកំណើនវិជ្ជមាន បើទោះបីជាស្ថានភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយពិភពលោកទាំងមូល កំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជាយ៉ាងណាក្តី។
ជាមួយគ្នានេះដែរ លោកស្រីភារធារី ក៏បានបញ្ជាក់ជាថ្មីពីការគាំទ្រលើគោលជំហរដ៏ច្បាស់លាស់របស់កម្ពុជា ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិនិងយន្តការច្បាប់ទ្វេភាគីជាធរមានដែលមានស្រាប់ ដើម្បីដោះស្រាយវិវាទព្រំដែន ប្រកបដោយសន្តិវិធី និងតម្លាភាព សំដៅរក្សាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ទាំងមូល។

សូមជម្រាបដែរថា ក្នុងជំនួបខាងលើនេះដែរ កម្ពុជា-អាមេរិក ក៏បានពិភាក្សាផ្លាស់ប្តូរទស្សនៈជុំវិញ៖ ១. ការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី, ២. ការលើកកម្ពស់លំហូរទុនវិនិយោគពីអាម៉េរិកមកកម្ពុជា, (៣) បច្ចុប្បន្នភាពនៃការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ, ៤. ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតនិងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, និង ៥. គោលជំហរដ៏រឹងមាំរបស់កម្ពុជាក្នុងការដោះស្រាយវិវាទព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ជាមួយនឹងការប្រើប្រាស់ច្បាប់អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជាធរមានដែលមានស្រាប់។
ភាគីទាំងពីរ ក៏ប្តេជ្ញាបន្តពង្រឹងចំណងមិត្តភាព ព្រមទាំងពង្រីកក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែមានភាពស៊ីជម្រៅរឹងមាំថែមទៀត៖អត្ថបទ៖ហ្សាលីន

