កាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន WorldBridge និងក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន VINCI Airports បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃនេះ ដើម្បីសិក្សារួមគ្នាអំពីសក្តានុពលនៃការបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ឃ្លាំងស្តុក ទំនិញ និងសកម្មភាពអាជីវកម្មពាក់ព័ន្ធ នៅអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋ លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ជាមួយគ្នានេះ ក៏មានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា ឧកញ៉ាៗច្រើនរូប រួមមាន៖ អ្នកឧកញ៉ា សៀ ឬទ្ធី, អ្នកឧកញ៉ា ហាន ឃាង, អ្នកឧកញ៉ា ហ៊ុន ឡាក់, អ្នកឧកញ៉ា អុឹង លីហេង, អ្នកឧកញ៉ា តេង ហឿង, អ្នកឧកញ៉ា សំ សុខនឿន, ឧកញ៉ា កង លាប, ឧកញ៉ា ស៊ិន ចន្ធី ព្រមទាំងឧកញ៉ាៗ និងភ្ញៀវកិត្តិយសច្រើនរូបទៀត។
អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge និងលោក Julien Bert នាយក ប្រតិបត្តិនៃក្រុមហ៊ុន Cambodia Airports ដោយបង្កើតជាក្របខណ្ឌមួយដើម្បីឲ្យក្រុមហ៊ុន ទាំងពីរសិក្សាពីរបៀបដែលមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ឃ្លាំង និងទីតាំង ឡូជីស្ទិក អាចត្រូវបានអភិវឌ្ឍនៅលើដីព្រលានយន្តហោះ ព្រមទាំងពិនិត្យមើលលើលទ្ធភាពនៃអ្វីដែលអាចក្លាយជាច្រករបៀងដឹកជញ្ជូនពហុមធ្យោបាយផ្លូវទឹក និងផ្លូវអាកាសដ៏ ពិតប្រាកដមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលតភ្ជាប់រវាងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិ។
សូមជម្រាបថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ក្រុមការងាររបស់ក្រុមហ៊ុនទាំងពីរនឹងសិក្សាឱកាសនេះរួមគ្នា និងអភិវឌ្ឍចក្ខុវិស័យគម្រោងមេរួមគ្នា។ ភាពជាដៃគូនេះគឺដើរស្របតាម គោលដៅរបស់រាជរដ្ឋាភិបាល ដែលចង់ឲ្យមានហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទិកកាន់តែរឹងមាំ ជាអាទិភាពសម្រាប់ការទាក់ទាញការវិនិយោគ ការគាំទ្រដល់ក្រុមហ៊ុននាំចេញ និងការបង្កើតការងារ៕


















