ប្រធានាធិបតីអាមរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះកំពុងដាក់ចេញផែនទីបង្ហាញផ្លូវ ជុំវិញការដំឡើងពន្ធនាំចូលលើឱសថទូទៅចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក ដើម្បីលើកទឹកចិត្តក្រុមហ៊ុននានាឱ្យផ្លាស់ប្តូរផលិតកម្មត្រឡប់ទៅមកអាមេរិកវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

លោក ត្រាំ កាលពីថ្ងៃទី២១ ខែកក្កដា បានសរសេរនៅលើបណ្តាញសង្គម Truth Socia របស់ខ្លួនថា ឱសថទូទៅដែលនាំចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិកនឹងត្រូវបានដំឡើងបន្តិចម្តងៗពី ០% រហូតដល់ ២០០% ក្នុងរយៈពេលច្រើនឆ្នាំទៅមុខ។
នៅក្នុងនោះដែរប្រធានាធិបតីអាមេរិករូបនេះ ក៏បានសង្កត់ធ្ងន់ទៀតថា ចាប់ពីខែសីហាឆ្នាំ២០២៨ តទៅ ផលិតផលទាំងនោះនឹងត្រូវទទួលរងពន្ធគយ ១០០% ហើយនឹងបន្តកើនឡើងដល់ ២០០% នៅឆ្នាំ២០២៩ ។
យ៉ាងណាមិញ ជុំវិញផែនទីបង្ហាញផ្លូវនេះមានបំណងលើកទឹកចិត្តក្រុមហ៊ុនផលិតឱសថឱ្យផ្លាស់ប្តូរផលិតកម្មរបស់ពួកគេត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ លោក ត្រាំ ក៏បានពន្យល់ទៀតថាពន្ធដែលកើនឡើងបន្តិចម្តងៗនេះនឹងជាការដាក់ពិន័យ សម្រាប់អាជីវកម្មដែលមិនព្រមសាងសង់រោងចក្រ និងបង្កើតរោងចក្រនៅសហរដ្ឋអាមេរិកក្នុងអំឡុងពេលលើកទឹកចិត្ត។
គួរជម្រាបជូនផងដែរថា ពាក់ព័ន្ធទៅនឹងគោលនយោបាយពន្ធថ្មីនេះ ឥណ្ឌា ស្ថិតនៅក្នុងចំណោមប្រទេសដែលនឹងរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារតែក្រុមហ៊ុនឱសថរបស់ខ្លួនផ្គត់ផ្គង់ថ្នាំទូទៅជិត ៥០% នៃការប្រើប្រាស់ថ្នាំទូទៅទាំងអស់ នៅសហរដ្ឋអាមេរិក៕

