ស្ថាប័នជំនាញ ដែលមកពីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២៦ បានបើកកិច្ចប្រជុំពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១០ ក្រោមទុនវិនិយោគជាង ៧២ លានដុល្លារ និង អាចបង្កើតឱកាសការងារប្រមាណ ៨០០ កន្លែង។

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងទាំងនេះ រួមមាន គម្រោងបង្កើតតំបន់ប្រមូលផ្ដុំសហគ្រាសធុនតូច និង មធ្យម (SME Cluster), គម្រោងរោងចក្រកែច្នៃលោហធាតុ, គម្រោងរោងចក្រកែច្នៃក្តារបន្ទះ, គម្រោងរមណីយដ្ឋាន និង រីសត, គម្រោងសណ្ឋាគារ និង រីសត និង គម្រោងអគារស្នាក់នៅរួម ក្រោមទុនវិនិយោគជាង ៧២ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ ៨០០ កន្លែង ។

លោក បន្ថែមថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសិក្សាអំពីបរិយាកាសវិនិយោគបច្ចុប្បន្ននៅខេត្តព្រះសីហនុ ពាក់ព័ន្ធស្ថានភាពពិភពលោក តំបន់ និង ក្នុងស្រុក ដោយបានសម្ភាសជាមួយម្ចាស់គម្រោង និង សង្កេតអំពីស្ថានភាពវិនិយោគនៅក្នុងខេត្ត។ ជាលទ្ធផល, អ្នកឆ្លើយសម្ភាស យល់ថា វិធានការថ្មីៗរបស់រាជរដ្ឋាភិបាល បាន និង កំពុងបង្កើត និង ស្តារទំនុកចិត្តវិនិយោគ ដែលតាមនេះ សកម្មភាពវិនិយោគក្នុងវិស័យអចលនទ្រព្យ និង ទេសចរណ៍ នៅបន្តមានសកម្មភាព ហើយសកម្មភាពវិនិយោគក្នុងវិស័យឧស្សាហកម្ម នៅមានសញ្ញាណល្អប្រសើរ ស្របពេលដែលក្រសួងស្ថាប័ន ក្រុមការងារ និង រដ្ឋបាលខេត្តព្រះសីហនុ បាន និង កំពុងបន្តខិតខំទាក់ទាញវិនិយោគ។
សូមជម្រាបដែរថា គិតចាប់ពីឆ្នាំ ២០២៤ ដល់ត្រឹមត្រីមាសទី២ ឆ្នាំ ២០២៦, ក្រុមការងារបានសម្រេចផ្តល់ការលើកទឹកចិត្ត និង ការសម្រួលនីតិវិធី ដល់គម្រោងសរុប ៤៩១ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មាន ៨,៤ ប៊ីលានដុល្លារអាម៉េរិក និង អាចបង្កើតឱកាសការងារជាង ៦ ម៉ឺនកន្លែង។ គម្រោងទាំង ៤៩១ នេះ រួមមាន ៖ គម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន ២១៦, គម្រោងពុំពាក់ព័ន្ធអគារជាប់គាំង ឬ គម្រោងថ្មីចំនួន ២៣៥, គម្រោងពង្រីកចំនួន ២៥, និង គម្រោងមានស្រាប់ចំនួន ១៥៕ អត្ថបទ៖ហ្សាលីន

