មេធំ Amazon កំពុងចរចាចូលរួមជាមួយសម្ព័ន្ធក្រុមហ៊ុនមួយ ដើម្បីទិញយកភាគហ៊ុន នៅក្នុងក្លិបបាល់ទាត់ Liverpool

អន្តរជាតិ

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសមួយបានបង្ហាញថា មហាសេដ្ឋី Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon កំពុងពិភាក្សាដើម្បីចូលរួមជាមួយសម្ព័ន្ធក្រុមហ៊ុនវិនិយោគមួយ ដែលកំពុងស្វែងរកការទិញភាគហ៊ុននៅក្នុងក្លឹបបាល់ទាត់ Liverpool FC ក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស Premier League។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍របស់សារព័ត៌មាន Sky News បានបង្ហាញឲ្យដឹងថា លោក Bezos បានពិភាក្សាអំពីការចូលរួមជាមួយក្រុមវិនិយោគិនដែលដឹកនាំដោយលោក Amit Bhatia ដែលជាកូនប្រសាររបស់មហាសេដ្ឋីដែកថែបឥណ្ឌា Lakshmi Mittal។

មុននេះ កាសែត Daily Mail ក៏បានរាយការណ៍ផងដែរថា លោក Bhatia កំពុងបន្តពិភាក្សាជុំវិញការធ្វើកិច្ចព្រមព្រៀងទិញលក់ ជាមួយម្ចាស់ក្លិប Liverpool គឺក្រុមហ៊ុន Fenway Sports Group នៅក្នុងតម្លៃប្រមាណលើសពី ៤,៥ពាន់លានផោន (៦ពាន់លានដុល្លារអាមេរិក)។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រភពមួយបានប្រាប់ Sky News ថា លោក Bezos នៅមិនទាន់បានសម្រេចចិត្តថានឹងចូលរួមការវិនិយោគនេះឬអត់នោះទេ។

យ៉ាងណាមិញ ប្រសិនបើលោក Bezos ចូលរួម វានឹងក្លាយជាជំហានដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សម្រាប់បាល់ទាត់អង់គ្លេស។ លោក Bezos ពីមុនក៏បានស្វែងលទ្ធភាពក្នុងការទិញយកក្លិបបាល់ឱបអាមេរិក NFL រួមទាំងក្រុម Seattle Seahawks និង Washington Commanders ផងដែរ ប៉ុន្តែកិច្ចព្រមព្រៀងទាំងនោះមិនបានសម្រេចនោះឡើយ។

គួរជម្រាបជូនថា លោក Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon និងក្រុមហ៊ុនអវកាស Blue Origin មានទ្រព្យសម្បត្តិសរុបប្រមាណជិត ២៥៧ពាន់លានដុល្លារ ដែលធ្វើឱ្យលោកក្លាយជាអ្នកមានបំផុតទីបួនរបស់ពិភពលោក។ នេះយោងតាមការចុះផ្សាយពី Forbes៕​