យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ឲ្យដឹងថា ទីភ្នាក់ងារចារកម្មអាមេរិក ឬហៅកាត់ថា CIA គ្រោងនឹងកាត់បន្ថយចំនួនបុគ្គលិកខ្លួនដល់ទៅ ១ ២០០ នាក់ ស្របពេលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិកផ្សេងៗទៀត ក៏មានផែនការកាត់បន្ថយដូចគ្នានេះ ផងដែរ។
បើតាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃទី២ ខែឧសភាថា រដ្ឋបាលរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានជូនដំណឹងដល់សមាជិកសភាអំពីផែនការកាត់បន្ថយការងារចំនួន ១ ២០០ នាក់ នៅក្នុងទីភ្នាក់ងារចារកម្មអាមេរិក (CIA) ។
នៅពេលសួរអំពីរបាយការណ៍នេះ អ្នកនាំពាក្យ CIA ហាក់មិនបានបញ្ជាក់ពីចំនួនជាក់លាក់នោះទេ ប៉ុន្តែបាននិយាយថា នាយក CIA លោក John Ratcliffe កំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីធានាបានថាកងកម្លាំងរបស់ CIA កំពុងឆ្លើយតបទៅនឹងអាទិភាពសន្តិសុខជាតិរបស់រដ្ឋបាលលោក ត្រាំ។
អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា៖ “សកម្មភាពកាត់បន្ថយបុគ្គលិកទាំងនេះគឺជាផ្នែកនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយដើម្បីពង្រឹងទីភ្នាក់ងារ ផ្តល់ឱកាសសម្រាប់មេក្រុមដែលកំពុងមានស្នាដៃ និងដាក់ទីតាំងកាន់តែល្អដល់ CIA ដើម្បីសម្រេចបេសកកម្មរបស់ខ្លួន”។
គួរឲ្យដឹងថា កាលពីដើមឆ្នាំនេះ CIA បានក្លាយជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកដំបូងគេដែលចូលរួមក្នុងផែនការកាត់បន្ថយបុគ្គលោកដោយស្ម័គ្រចិត្ត ដែលផ្តួចផ្តើមឡើងដោយលោកប្រធានាធិបតី លោក ត្រាំ ក្នុងគោលបំណងជំរុញកិច្ចការងាររបស់សហព័ន្ធប្រកបដោយប្រសិទ្ធភាព និងការសន្សំសំចៃ។
យ៉ាងណាមិញ CIA មិនដែលបង្ហាញជាសាធារណៈអំពីទំហំនៃកម្លាំងរបស់ខ្លួននោះទេ ប៉ុន្តែបើតាមអ្នកសង្កេតការណ៍ បានប៉ាន់ស្មានថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កំពូលរបស់អាមេរិកនេះ មានបុគ្គលិកសរុបប្រហែល ២២ ០០០ នាក់ ។
ជម្រាបជូនថា ដោយបន្ថែមពីលើទីភ្នាក់ងារ CIA រដ្ឋបាលលោក ត្រាំ ក៏បានជូនដំណឹងដល់សមាជិកសភាអំពីផែនការកាត់បន្ថយបុគ្គលិករាប់ពាន់នាក់បន្ថែមទៀត នៅក្នុងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ផ្សេងទៀត រួមទាំងទីភ្នាក់ងារសន្តិសុខជាតិផងដែរ។ នេះបើយោងតាមកាសែត Washington Post ៕