ឥណ្ឌូនេស៊ី គ្រោងហាមឃាត់មិនឱ្យភ្ញៀវទេសចរបរទេស ជួលម៉ូតូជិះលើកោះបាលីទៀតឡើយ

អន្តរជាតិ

ថ្មីៗនេះ រដ្ឋបាលកោះបាលី ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងធ្វើការហាមប្រាមមិនឱ្យភ្ញៀវទេសចរបរទេស ដែលមកលេងកម្សាន្ត អាចជួលម៉ូតូជិះបានទៀតនោះឡើយ បន្ទាប់ពីមានការបំពានច្បាប់ចរាចរណ៍ជាបន្តបន្ទាប់ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី ១៣ ខែមីនាកន្លងទៅ ប្រធានការិយាល័យទេសចរណ៍នៃកោះបាលី លោក Tjok Bagus Pemayun បាននិយាយថា តាមពិតទៅរដ្ឋាភិបាលបានដាក់ចេញច្បាប់មួយ កាលពីឆ្នាំ ២០២០ រួចទៅហើយ ស្តីពីការលើកទឹកចិត្តឱ្យភ្ញៀវទេសចរណ៍បរទេស ប្រើប្រាស់សេវាកម្មដឹកជញ្ជូន ដែលផ្តល់ដោយភ្នាក់ងារទេសចរណ៍តែប៉ុណ្ណោះ ដូច្នេះមានន័យថាការជួលម៉ូតូជិះដោយខ្លួនឯង គឺមិនត្រូវបានលើកទឹកចិត្តនោះឡើយ ។

មិនតែប៉ុណ្ណោះ មន្ត្រីរូបនេះ ក៏បាននិយាយទៀតថា ការិយាល័យ គ្រោងនឹងធ្វើការពិភាក្សាទៅលើបញ្ហានេះ ជាមួយប៉ូលីសនៅលើកោះបាលី ដោយបន្ថែមថា រដ្ឋាបាលមូលដ្ឋានកំពុងផ្តោតទៅលើការរៀបចំ​សណ្តាប់​ធ្នាប់ឡើងវិញ ដើម្បីធានាបាននូវគុណភាពទៅលើវិស័យទេសចរណ៍ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។

ទន្ទឹមនឹងនេះ ប៉ូលីសកោះបាលី បាននិយាយកាលពីថ្ងៃទី ១២ ខែមីនាថា ពួកគេបានកត់ត្រាអំពីការរំលោភបំពានច្បាប់ចរាចរណ៍ច្រើនជាង ១៧១ ករណី ដោយភ្ញៀវទេសចរបរទេស ក្នុងរយ:ពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ដោយភាគច្រើនអ្នកបើកបរទាំងនោះ មិនបានពាក់មួកសុវត្ថិភាព និងបានប្រើប្រាស់ស្លាកលេខក្លែងក្លាយ ។

ជម្រាបជូនឱ្យដឹងផងដែរថា កោះបាលី បានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ២,៣ លាននាក់ កាលពីឆ្នាំមុន ខណ:នៅឆ្នាំ ២០២៣ នេះវិញ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានដាក់ចេញគោលដៅក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យបានចំនួន ៤,៥ លាននាក់បន្ថែមទៀត ៕